ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះអនុវត្តវិធានការរដ្ឋបាលរុះរើ និងកាត់សំយាបដែលអាជីវករបានសាងសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីរំដោះចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង បញ្ចៀសការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។
ប្រតិបត្តិការរៀបចំសណ្តាប់ធ្នាប់និងកាត់សំយាបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយ ផ្លូវលេខ២១៨ (ផ្សារយូណាយ) ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលជាទីតាំងតែងតែបង្កឲ្យមានការកកស្ទះចរាចរណ៍ជាប្រចាំ។
លោក ស៊ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា ការចុះអនុវត្តនេះគឺធ្វើឡើងតាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌទួលគោក ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាប្រចាំ សម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា ផ្លូវលេខ២១៨ (ផ្សារយូណាយ) ជាចំណុចស្មុគស្មាញមួយ ដែលអាជីវករលក់ដូរបាន រំលោភយកទ្រូងផ្លូវ និងចិញ្ចើមផ្លូវ ដើម្បីធ្វើរោង សំយាបលក់ដូរ និងតាំងទំនិញ បណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ បង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់អ្នកធ្វើដំណើរ។
លោកអភិបាលរងបានបន្ថែមទៀតថា អាជ្ញាធរពិតជា មិនចង់ប្រើវិធានការក្តៅ នោះទេ ហើយបានអំពាវនាវដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការ កុំយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ដើម្បីធានាបាននូវផ្លូវស្អាត បរិស្ថានល្អ និងរួមចំណែកលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង។
លោកបានជម្រាបផងដែរថា កន្លងមក អាជ្ញាធរខណ្ឌនិងសង្កាត់បានចុះ ណែនាំឱ្យអាជីវកររុះរើ និងកាត់សំយាបផ្ទាល់ខ្លួនចេញ រួចមកហើយ ប៉ុន្តែដោយសារអាជីវករមួយចំនួនមិនបានស្តាប់តាមការណែនាំ អាជ្ញាធរចាំបាច់ត្រូវប្រើ វិធានការរដ្ឋបាល ចុះមករុះរើតែម្តង៕



អត្ថបទ៖សេង សាវី