ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥» ដ៏ធំសម្បើមនឹងត្រលប់មកវិញហើយ ដោយនឹងផ្តល់ជូននូវឱកាសការងារសរុបជាង ៣០,០០០ កន្លែង ពីសំណាក់ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០។
ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ០២ ថ្ងៃ គឺនៅថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ សាលពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
គោលបំណង និងប្រធានបទសំខាន់
ពិព័រណ៍ការងារឆ្នាំនេះរៀបចំឡើងក្រោមប្រធានបទ «វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ»។

គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺដើម្បី៖
- បង្កើតជា វេទិកាជួបជុំដ៏ធំ រវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល។
- ផ្ដល់ឱកាសឱ្យយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដាក់ពាក្យ និងសម្ភាសផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនធំៗ។
- ផ្សព្វផ្សាយព័ត៌មាន ឱកាសការងារ វគ្គអប់រំបណ្តុះបណ្តាល និងប្រឹក្សាយោបល់អាជីព។
- បង្កើនការយល់ដឹង និងផ្សព្វផ្សាយពីសារៈសំខាន់នៃការ បង្កើនផលិតភាពការងារ។
កិច្ចពិភាក្សា និងសិក្ខាសាលាពិសេស
ក្នុងពិព័រណ៍នេះ ក៏នឹងរួមបញ្ចូលនូវកម្មវិធីពិសេសៗដូចជា កិច្ចពិភាក្សា និង ការប្រកួតប្រជែងនិយាយជាសាធារណៈ ផងដែរ។ តាមរយៈកម្មវិធីទាំងនេះ នឹងមានការ ចែករំលែកចំណេះដឹង បទពិសោធល្អៗ និងគន្លឹះសំខាន់ៗ អំពីផលិតភាពការងារ ពីសំណាក់ វាគ្មិនជំនាញៗ ដែលមានបទពិសោធយូរឆ្នាំក្នុងវិស័យការងារ។

របៀបចូលរួម និងព័ត៌មានលម្អិត
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សូមអំពាវនាវដល់ យុវជន សិស្ស/និសិ្សត អ្នកស្វែងរកការងារ និង បងប្អូនពលករ ទាំងអស់ កុំភ្លេច ត្រៀម CV ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។
គួរបញ្ជាក់ថា ពិព័រណ៍នេះក៏ត្រូវបានរៀបចំឡើងតាម ប្រព័ន្ធអនឡាញ ផងដែរ ដែលអនុញ្ញាតឱ្យអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យតាមរយៈគេហទំព័រ៖ http:/careerfair.nea.gov.kh។
ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងដៃគូសំខាន់ៗជាច្រើនទៀត រួមមាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣ ឬ លេខ Hotline របស់ក្រសួងការងារ ១២៩៧៕
អត្ថបទ៖ត្រយងតូច