ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបើកប្រតិបត្តិការបង្ក្រាបករណី ផ្ដល់កម្ចីប្រាក់ខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ហើយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ។



បើតាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានជម្រាបជូន ដល់ប្រជាពលរដ្ឋ សាធារណៈជន និងពិសេសអ្នកនិយមលេងបណ្តាញសង្គម ឱ្យបានជ្រាបថា រយៈពេល ០២ ថ្ងៃកន្លង ទៅនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាន នគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់ ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៦៤ នាក់ ស្រី ២៤ នាក់ រួមទាំងវត្ថុតាងមួយចំនួនធំ ។ កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនាយកដ្ឋាន ប្រឆាំងភារវកម្ម ចុះស្រាវជ្រាវករណីខាងលើ ។
ក្រោយពីទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានគោរពសុំគោលការណ៍ និងទទួលបានការឯកភាពពី សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និង លោក គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តព្រៃវែង កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បូករួមជាមួយកម្លាំងនគរបាល នៃនាយក ដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវករណីខាងលើក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុង ខេត្តព្រៃវែង អស់រយៈពេល ០២ សប្តាហ៍។


ទីបំផុត កម្លាំងនគរបាល បានស្រាវជ្រាវកំណត់ទីតាំងសង្ស័យចំនួន ០៥ ដោយឃាត់ខ្លួនបានជនសង្ស័យបានចំនួន ៦៤ នាក់ (ស្រី ២៤ នាក់) រួមនិងវត្ថុតាងមួយចំនួនធំទៀត ។ ក្នុងចំណោម ក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដោយក្នុងនោះមាន ០៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែគឺជាអាជ្ញាប័ណ្ណអាជីវ កម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ៕


អត្ថបទ៖ កណ្តាល
