តាមការរៀបរាប់របស់ ខ្មែរអតីតកាល ឱ្យដឹងថា គំនូរខាងក្នុងព្រះវិហារមានភាពសម្អិតសម្អាង និងមានបំណងមិនខុសពី គំនូររឿងរាមកេរ្តិ៍ដ៏ល្បីល្បាញដែលលម្អតាមជញ្ជាំងថែវខាងក្រៅព្រះវិហារ ព្រះកែវមរកត។ សាធារណជនមិនសូវបានដឹងឡើយអំពីដើមចមនៃការបាត់បង់ រូបគំនូរព្រះវិហារព្រះកែវមរកត កាលពីដើមទសវត្សរ៍ឆ្នាំ១៩៦០។ នៅក្នុងពិព័រណ៍នេះ នឹងពន្យល់យ៉ាងលម្អិតអំពីមូលហេតុ និងការសម្រេចចិត្តដ៏លំបាក នាពេលនោះ។

នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ផ្នែកខ្លះនៃព្រះវិហារព្រះកែវមរកតមានបញ្ហា គួរឱ្យព្រួយបារម្ភ អាយុកាល និងការជ្រាបទឹក បានធ្វើឱ្យធ្នឹមឈើ កណ្តាលទ្រុឌទ្រោម ដែលគំរាមកំហែងដល់លំនឹងដំបូល។ នៅឆ្នាំ១៩៦៣ សម្តេចព្រះ នរោត្តម សីហនុ បានប្រគល់ភារកិច្ចជួសជុលជូន ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ដែលពេលនោះ ជាស្ថាបត្យករឈានមុខគេ របស់កម្ពុជា និងជាទីប្រឹក្សាដ៏ទុកព្រះទ័យរបស់ព្រះអង្គ។
លោក វណ្ណ ម៉ូលីវណ្ណ បានណែនាំឱ្យជំនួសគ្រោងដំបូលដើមធ្វើពី ឈើ ដោយប្រើបេតុង និងធ្នឹមដែកវិញ។ ការផ្លាស់ប្តូរនេះតម្រូវឱ្យគេវាយ ជញ្ជាំងទម្រចេញ ដែលនាំឱ្យគំនូរជញ្ជាំងទៅជាមួយដែរ។ ដោយ ដឹងច្បាស់ពីសារៈសំខាន់នៃគំនូរជញ្ជាំងនោះ លោក វណ្ណ ម៉ូលីវណ្ណ បានចាត់សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឱ្យ ចម្លងគំនូរលើជញ្ជាំងទាំង ៤៦ផ្ទាំងដោយដៃ ដើម្បីអាចគូរឡើងវិញ ឱ្យដូចដើមនាពេលក្រោយ។

ការងារនេះមានដំណើរការយឺតយ៉ាវ ខណៈពេលដែលលោក វណ្ណ ម៉ូលីវណ្ណ បានទទួលភារកិច្ចកាន់តែច្រើនឡើងៗក្នុងរាជរដ្ឋាភិបាល។ បន្ទាប់មក នៅទសវត្សរ៍ឆ្នាំ១៩៧០ ភាពចលាចលផ្នែកនយោបាយ ការលុបបំបាត់ របបរាជានិយម និងការនិរទេសរបស់លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើឱ្យ គម្រោងនេះជាប់គាំង។ ក្នុងអំឡុងឆ្នាំដែលកម្ពុជាកំពុងមានសង្គ្រាម ស៊ីវិល គំនូរចម្លងដោយដៃរងការខូចខាតខ្លាំង ក្រោយពីបានទុកចោល ដោយគ្មានការថែទាំ និងការពារគ្រប់គ្រាន់ រហូតដល់ស្តារលែងកើត។ ដោយសារខូចខាតទាំងស្រុងនូវស្នាដៃដើម និងស្នាដៃចម្លង គំនូរលើ ជញ្ជាំងព្រះវិហារព្រះកែវមរកតសន្មតថា បានបាត់បង់ជារៀងរហូតហើយ។
សូមជម្រាបថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ការលេចត្រដែតឡើងវិញនូវការបាត់បង់ និងរកឃើញឡើងវិញនូវគំនូរក្នុងព្រះវិហារព្រះកែវមរកត» មានរយៈពេល៥ខែ ត្រូវបានសម្ពោធឡើងក្នុងបរិវេណសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(សសរ) សម្រាប់ទទួលភ្ញៀវជាតិនិងអន្តរជាតិចូលទស្សនា ចាប់ពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៦៕
