ទំនាស់ដែលកើតចេញពីការប្រើផែនទីគូសដោយឯកតោភាគីរបស់ថៃ ពិតជាបានបង្កឱ្យប្រទេសដែលធ្លាប់តែផ្លាស់ប្ដូរពាណិជ្ជកម្មនិងចរាចរណ៍ឆ្លងដែន ជាមួយគ្នាយ៉ាងរលូនកន្លងមកត្រូវជាប់គាំង ប៉ុន្តែនៅពេលសួរថា អ្នកណា ជាអ្នកដែលខាតធំជាង និងរងផលប៉ះពាល់ខ្លាំងជាង យើងត្រូវក្រឡេកមើលលើទំហំពាណិជ្ជកម្មដែលមិនមានតុល្យភាព រវាងប្រទេសទាំងពីរ សិន (ថៃនាំចេញទៅកម្ពុជា ច្រើនជាងកម្ពុជានាំចេញទៅថៃ) ដូច្នេះច្បាស់ណាស់គឺ “ថៃខាតបង់ច្រើនជាងកម្ពុជា”។
យោងតាមរបាយការណ៍សេដ្ឋកិច្ចដែលបានចេញផ្សាយដោយសារព័ត៌មានថៃ ផលប៉ះពាល់គឺមានច្រើនយ៉ាងណាស់ ដែលយើងអាចស្រង់មកបង្ហាញបាន

១. ផលប៉ះពាល់លើពាណិជ្ជកម្ម និងសេវាកម្មទាក់ទងនឹងអ្នកទិញជាជនជាតិខ្មែរ

ជនជាតិខ្មែរ គឺជាអតិថិជនដ៏ធំមួយ ដែលបានប្រើប្រាស់ទីផ្សារលក់ដុំនិងរាយរបស់ថៃ ក្នុងនោះមាន (ផ្សារប្រាទូណាម, ចាក់ទូចាក់, Big C ជាដើម) បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ព្រោះអាជីវកម្មមួយចំនួន គឺពឹងផ្អែកលើអតិថិជនខ្មែរទាំងស្រុង។ ការបិទច្រក និងការហាមឃាត់ការនាំចូលថាមពល (ប្រេងឥន្ធនៈ, ឧស្ម័ន, ប្រេងម៉ាស៊ូត, អគ្គិសនី អ៊ិនធឺណិត១ ពីថៃ ,) ធ្វើឱ្យថៃបាត់ចំណូលមហាសាល តែកម្ពុជាមិនប៉ះពាល់នោះទេ ព្រោះកម្ពុជាទៅនាំចូលប្រេងពី សិង្ហបុរី និង វៀតណាមវិញ។

២. វិស័យទេសចរណ៍ និងវេជ្ជសាស្ត្រ

បើនិយាយពីទេសចរណ៍ និង វេជ្ជសាស្ត្រវិញ ច្បាស់ណាស់បិទភ្នែកក៏អាចស្រមៃចេញដែរថា ភាគីថៃ គឺជាអ្នកដែលខាតបង់ខ្លាំង មិនខុសពីការនាំចេញ នាំចូលទំនិញ ដែលថៃ មានច្រើនជាងកម្ពុជាឡើយ សូម្បីទេសចរណ៍ ក៏កម្ពុជា ជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតមួយរបស់ថៃ ដែរ (យោងតាម EuroCham Cambodia) អាស្រ័យដោយច្រកព្រំដែនជាប់គ្នា គ្មានទិដ្ឋាការ ការធ្វើដំណើរងាយស្រួល។ ការបាត់បង់ភ្ញៀវទេសចរណ៍ពីកម្ពុជា, ការបិទប្រាសាទតាមាន់ធំ និងតាក្របី ព្រមទាំងការធ្លាក់ចុះការកក់សណ្ឋាគារនៅតាមខេត្តជាប់ព្រំដែន (ស្រះកែវ) បានធ្វើឱ្យវិស័យទេសចរណ៍ថៃខាតបង់យ៉ាងធ្ងន់ធ្ងរ។ ចំណែកវេជ្ជសាស្ត្រវិញ ក៏រងផលប៉ះពាល់មិនណយដែរដោយសារអតិថិជនខ្មែរ អ្នកជំងឺពីខ្មែរ ដែលមានលទ្ធភាពបានផ្អាកការទៅទទួលសេវាព្យាបាលនៅឯប្រទេសថៃ ហើយងាកមកព្យាបាលក្នុងស្រុក ឬទៅវៀតណាម ម៉ាឡេស៊ី និង សិង្ហបុរីវិញ។

៣.ការបាត់បង់កម្លាំងពលកម្មដ៏គំហុក ដោយសារពលរដ្ឋខ្មែរសម្រុកចាកចេញពីប្រទេសថៃ

ការឈ្លានពានរបស់កម្លាំងថៃមកលើទឹកដីខ្មែរ រួមផ្សំនឹងការធ្វើទុកបុកម្នេញពលរដ្ឋខ្មែរ ពលករខ្មែរ លើទឹកដីថៃ បានក្លាយជាកម្លាំងជំរុញឱ្យពលករខ្មែរវិលត្រលប់ចូលស្រុក មានចំនួនជិត១លាននាក់គិតត្រឹមចុងខែសីហាឆ្នាំ២០២៥។ គ្រាន់តែឃើញចំនួននៃការត្រលប់ចូលស្រុករបស់កម្ពុជា ដឹងហើយថាថៃ ខ្វះកម្លាំងធ្វើការងារដូច្នេះក្រសួងការងារថៃ បានចេញយុទ្ធសាស្ត្រគ្រប់សព្វបែបយ៉ាងដើម្បីចងជើង មិនថា ការតម្លើងប្រាក់ខែ ការពន្យាទិដ្ឋការការងារ និងផ្ដល់អត្ថប្រយោជន៍ផ្សេងៗជាច្រើន ប៉ុន្តែវិធីទាំងអស់នេះនៅតែទប់ មិនជាប់ ទីបំផុត គេបានប្រកាសផែនការថ្មី ដោយចង់នាំយកពលករមកពីសិរីលង្ការជំនួស ប៉ុន្តែផែនការនេះ មិនសូវមានការគាំទ្រប៉ុន្មានឡើយ ព្រោះតែកត្តាសាសនា ទំនៀមទំលាប់ធ្វើឱ្យពលរដ្ឋថៃ បារម្ភពីសុខសុវត្ថិភាព និងសន្តិសុខ។ ផែនការមួយទៅមិនរួចគេបាន ប្ដូរមកបើកឱកាសឱ្យពលរដ្ឋមីយ៉ាន់ម៉ា ដែលរស់នៅតាមបណ្ដោយព្រំដែនជាមួយខ្លួន មកជំនួសឱ្យកម្លាំងពលកម្មកម្ពុជា ប៉ុន្តែមិនថាវិធីអ្វីនោះទេ នៅតែមិនអាចស្ដារ ឬជំនួសកម្លាំងពលកម្មរបស់ពលករខ្មែរ អាស្រ័យដោយ ពលករខ្មែរ ជាប់ជាអ្នកធ្វើការងារឧស្សាហ៍ព្យាយាមនិងប៉ិនអត់ធ្មត់ ហើយធ្វើបានទាំងការងារប្រើកម្លាំង និងបញ្ញា ខណៈពលករប្រទេសផ្សេងរួមទាំងថៃ មិនចូលចិត្តការងារ បែបប្រើកម្លាំង។ នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីខែសីហា ថៅកែឃ្លាំងសំណង់មួយសូមមិនបញ្ចេញឈ្មោះបានត្អូញថា បាត់បង់ពលករកម្ពុជា គេមានអារម្មណ៍ដូចរកស៊ីក្ស័យធុន ព្រោះបាត់ទាំងកម្លាំង ធ្វើឱ្យទំនិញដែលភ្ញៀវកក់និងកម្មង់ត្រូវរាំងស្ទះគ្មានអ្នកធ្វើ។ ដោយឡែកម្ចាស់ចំការជាច្រើនត្រូវចាយលុយទ្វេរគុណ ដើម្បីជួលអ្នកបេះផ្លែឈើមកជំនួសឱ្យពលករខ្មែរ ទាំងដែលបន្លែផ្លែឈើខ្លះ បេះបាន ប្រមូលផលបាន លក់មិនបាន ឬមានតម្លៃថោកខ្លាំងមិនរួចដើម ដោយសារច្រកព្រំដែនជាមួយកម្ពុជាត្រូវបានបិទ។

៤. ពាណិជ្ជកម្មទ្វេភាគី និងការពឹងផ្អែកគ្នា

ការវិភាគសេដ្ឋកិច្ចបានបង្ហាញថាថៃ អាចនឹងប៉ះធ្ងន់ជាង ព្រោះ ថៃ នាំចេញមកកម្ពុជា ធំជាង ហេតុនេះ ការបិទច្រកព្រំដែនធ្វើឱ្យទំនិញថៃគាំងវ៉ៃមិនចេញ ប៉ុន្តែកម្ពុជាមានលទ្ធភាពអាចកម្មង់ទិញពី ប្រទេសផ្សេងមិនចាំបាច់តែថៃ ខណៈដែលដំឡូងមី ដែលកម្ពុជាធ្លាប់នាំទៅថៃ អាចយកមកកែច្នៃជាផលិតផលក្នុងស្រុក ដើម្បីយកមកប្រើប្រាស់បាន។

ជាការពិតណាស់ ទាំងកម្ពុជា និងថៃ សុទ្ធតែរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ដូចពាក្យដែលថា “សង្គ្រាមគ្មានអ្នកឈ្នះ” ប៉ុន្តែថៃ៖ ផលប៉ះពាល់គឺធ្ងន់ធ្ងរទៅលើ វិស័យសេវាកម្ម (ដូចជា លក់រាយ ទេសចរណ៍ និងសុខាភិបាល) និងការនាំចេញទំនិញ ដែលពឹងផ្អែកលើទីផ្សារកម្ពុជា។ ដោយឡែកកម្ពុជា៖ ផលប៉ះពាល់រយៈពេលខ្លីគឺខ្លាំងទៅលើ ទេសចរណ៍ ប្រាក់ចំណូលពីពលករ ដែលធ្លាប់ផ្ដល់មកក្រុមគ្រួសារនិង ការដឹកជញ្ជូន។ ប៉ុន្តែរបាយការណ៍ខ្លះក៏បានបង្ហាញពី ទស្សនវិស័យរយៈពេលវែងដ៏រឹងមាំ ប្រសិនបើកម្ពុជាធ្វើកំណែទម្រង់ និងបង្កើនការបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់ ទៅកាន់ប្រទេសផ្សេងៗ។ សរុបសេចក្ដីមកវិញ ភាគីថៃ អ្នកដែលរកសុីផ្ទាល់ និងប្រយោលជាមួយកម្ពុជា… គឺជាអ្នកខាតបង់ធ្ងន់ធ្ងរ បន្ទាប់ពីមានជម្លោះព្រំដែនជាមួយកម្ពុជា៕

Share.