ប៉ារីស៖ នាយករដ្ឋមន្រ្តីបារាំងលោក សេបាស្ទៀន លឺកូនុយ (Sebastien Lecornu) ដែលបានលាលែងពីតំណែងក្នុងរយៈពេលតិចជាង ១ខែ កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ និយាយកាលពីយប់ថ្ងៃពុធ ថា លោកប្រធានាធិបតី អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) ត្រូវបានគេរំពឹងថា នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មីក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។

លោក Lecornu បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ France 2 ថា «ខ្ញុំមានអារម្មណ៍ថាផ្លូវឆ្ពោះទៅមុខគឺអាចធ្វើទៅបាន» ដោយបន្ថែមថា «បច្ចុប្បន្នលោក Macron បានស្នើឱ្យលោកបន្តកាន់តំណែងរយៈពេលខ្លីសិន ដើម្បីជួបពិភាក្សាបន្ទាន់ជាមួយគណបក្សនយោបាយនានា»។

ចំពេលមានការផ្លាស់ប្ដូរនាយករដ្ឋមន្រ្តីបារាំងថ្មី គណបក្សប្រឆាំងទាមទារឱ្យលោក Macron ឆាប់បោះឆ្នោតឡើងវិញមុនកំណត់ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ ប៉ុន្ដែអតីតនាយករដ្ឋមន្រ្តីបារាំងលោក Lecornu បាននិយាយថា «វាមិនមែនជាពេលវេលា ដើម្បីផ្លាស់ប្តូរប្រធានាធិបតីនៅពេលនេះនោះទេ»។ លោក​បាន​បន្ថែម​ថា «លោក Macron នឹង​ថ្លែង​ទៅកាន់​ប្រជាជាតិបារាំង​​ក្នុង​ពេល​កំណត់ច្បាស់លាស់ណាមួយ»។

យ៉ាងណាម៉ិញ អតីតនាយករដ្ឋមន្រ្តីបារាំងរូបនេះ ក៏បានដោះស្រាយបញ្ហាគោលនយោបាយសំខាន់ៗមួយចំនួនផងដែរ ដោយនិយាយថា «ការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍គួរតែត្រូវបានជជែកវែកញែកបន្ដទៀត»។ លោកបានព្រមានថា «ប្រសិនបើមិនបន្ដការពិភាក្សាលើកំណែទម្រង់កញ្ចប់ថវិកាជាតិនោះ នឹងបារាំងត្រូវចំណាយប្រាស់យ៉ាងហោចណាស់ ៣ពាន់លានអឺរ៉ូ (ស្មើនឹង ៣,៥ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៧»។

ដោយឡែក បើនិយាយអំពីសេចក្តីព្រាងថវិកាសម្រាប់ឆ្នាំ២០២៦ លោក Lecornu បាននិយាយថា វាអាចត្រូវបានបង្ហាញទៅគណៈរដ្ឋមន្ត្រីនៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ ដោយជំរុញឱ្យសមាជិកសភាពិភាក្សាគ្នាយ៉ាងហ្មត់ចត់ ជាជាងការបដិសេធភ្លាមៗ។

ប្រទេសបារាំងបានជាប់គាំងក្នុង​វិបត្តិនយោបាយ ចាប់តាំងពីការបោះឆ្នោតកាលពី​ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលគ្មានគណបក្សណាមួយទទួលបានសំឡេងភាគច្រើនច្បាស់លាស់ ដែលបញ្ហា​នេះ​បាន​ធ្វើឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​អនុម័ត​ច្បាប់ និង​កញ្ចប់​ថវិកា​ជាតិ។

សូមជម្រាបថា លោក Lecornu គឺជា​នាយករដ្ឋមន្ត្រីទី​៣ ដែល​បានលាលែងពីតំណែងក្នុងរយៈពេលតិចជាងមួយខែ ដែលបង្ហាញពីការបែកបាក់យ៉ាង​ខ្លាំង​នៅ​ក្នុង​សភា​របស់ប្រទេសបារាំង៕

ប្រភព៖ Xinhua

Share.