មើលលើការចេញផ្សាយរបស់បណ្ដាសារព័ត៌មានថៃនាពេលថ្មីៗនេះបានលើកផ្សាយពីទស្សនៈមតិរបស់សមាជិកសភានិងអនុប្រធានបក្សប្រឆាំងដែលបានបោះសម្ដីទាំងមិនព្រឺរោមមិនឱនក្បាលដាក់ប្រទេសមហាអំណាចដូចជាបងធំសេដ្ឋកិច្ចសហរដ្ឋអាមេរិកនោះឡើយ ដោយក្នុងនោះ លោក រ៉ូម បោះសម្ដីឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាបញ្ហាសន្តិភាពគឺជាកិច្ចការផ្ទាល់ខ្លួនរបស់ថៃ រាល់កិច្ចព្រមព្រៀងនីមួយៗគឺមានចំណុចលម្អិត និងសំខាន់ជាច្រើនផ្សេងទៀត មិនមែនចេះតែអនុញ្ញាតិឱ្យអាមេរិកធ្វើជាអធិបតីក្នុងការចុះហត្ថលេខាបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជានោះទេ។ ការលើកឡើងទាំងទទឹងទិសរបស់អ្នកនយោបាយស្ទើភ្លើង ធ្វើឱ្យអ្នកវិភាគមើលឃើញថា បញ្ហាទំនាស់រវាងកម្ពុជា នឹងថៃ ពិបាកនឹងរកផ្លូវបញ្ចប់ទៅបានណាស់។

ក្នុងពេលសម្ភាសន៍នៅឯវិមានរដ្ឋសភាថៃ លោក រ៉ុងស៊ីម៉ាន រ៉ូម សមាជិកសភា និងអនុប្រធានបក្សប្រឆាំង និងជាប្រធានគណៈកម្មាធិការសភានៃកិច្ចការសន្តិសុខរដ្ឋ កិច្ចការព្រំដែនថៃ យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ជាតិ បានលើកជាទស្សនៈវិភាគប្រាប់អ្នកសារព័ត៌មានថៃយ៉ាងម៉ឺងម៉ាត់ថា ចំពោះករណីដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ចង់បានពានរង្វាន់ណូបែលសន្តិភាព តាមរយៈការចូលសម្របសម្រួលស្ថានការណ៍នៅតាមព្រំដែនថៃ-កម្ពុជា ពានរង្វាន់សន្តិភាពនោះគឺជាកិច្ចការផ្ទាល់ខ្លួនរបស់លោក ត្រាំ ទេ វាគ្មានអ្វីត្រូវមកពាក់ព័ន្ធជាមួយកិច្ចការងារសន្តិសុខជាតិថៃនោះទេ ទោះកម្ពុជាបានព្យាយាមគាំទ្រ លោក ត្រាំ ក្នុងសកម្មភាពមួយនេះក្ដី។ បញ្ហានេះត្រូវតែត្រូវបានពិនិត្យមើលលម្អិត បើសិនគ្រប់គ្នា យល់ព្រមចាប់ដៃគ្នា ហើយរឿងរ៉ាវនឹងចប់ពិតមែនទេ ប៉ុន្តែការពិតគឺមិនមែនត្រឹមតែប៉ុណ្ណឹងទេ ព្រោះមានចំណុចលម្អិតតូចៗជាច្រើនដែលត្រូវជជែកហើយវាមានពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងជាច្រើនផ្សេងៗទៀត។
ចំពោះបញ្ហារវាងកម្ពុជា និង ថៃ នេះ មិនចាំបាច់ត្រូវតែស្របតាមអ្វីដែលមហាអំណាចចង់បាននោះទេ។ ពេលខ្លះពួកគេមិនមានព័ត៌មានគ្រប់គ្រាន់ទេ។ យើងត្រូវនិយាយឱ្យច្បាស់ជាមួយពួកគេ។ យើងត្រូវផ្តល់ព័ត៌មានច្បាស់ដល់ពួកគេ។ ចំណុចលម្អិតបែបនេះគឺជាចំណុចសំខាន់ណាស់ក្នុងកិច្ចព្រមព្រៀង។ ប្រៀបធៀបទៅ សហរដ្ឋអាមេរិកខ្លួនឯងវិញក៏មានបញ្ហាស្រដៀងគ្នានឹងថៃមួយចំនួនផងដែរ ចុះហេតុអ្វីមកលូកដៃដោះស្រាយបញ្ហាឱ្យថៃទៅវិញ។ នេះបើតាមលោក រ៉ុងស៊ីម៉ាន រ៉ូម បញ្ជាក់បន្ថែម។ បើតាមស្ដាប់ការលើកឡើងរបស់លោក រ៉ុង ស៊ីម៉ាន រ៉ូម នេះ គឺលោកកំពុងតែវាយប្រហារដោយចំហរទៅកាន់ប្រធានាធិបតី ដូណាល់ត្រាំ ថាមិនមានសមត្ថភាពដោះស្រាយបញ្ហារបស់ខ្លួនបានផង ចង់មកដោះស្រាយបញ្ហាឱ្យប្រទេសថៃ ថែមទាំងបង្ហាញពីអំនួតរបស់ថៃ ថាជាប្រទេសធំ មានឯករាជ្យ មិនចាំបាច់ត្រូវខ្លាច ឬពឹងពាក់លើសហរដ្ឋអាមេរិកនោះឡើយ។

ដោយឡែកចំពោះបញ្ហាទំនាស់ព្រំដែននេះដែរ នៅពេលសួរអំពីលទ្ធភាពនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរដែលអាចមានការប្រជុំដែលលោក ដូណាល់ ត្រាំ ចង់ធ្វើជាអធិបតីក្នុងការចុះហត្ថលេខាបញ្ចប់ជម្លោះរវាងថៃ និងកម្ពុជា និងធ្វើឱ្យបទឈប់បាញ់កាន់តែមានប្រសិទ្ធភាពខ្ពស់ដោយមានលក្ខខណ្ឌថា ប្រទេសចិនមិនត្រូវពាក់ព័ន្ធនោះទេ ភ្លាមនោះសមាជិកសភានិងអនុប្រធានបក្សប្រឆាំងរូបនេះនិយាយយ៉ាងជឿជាក់ថា ពួកគេត្រូវពិភាក្សាគ្នាសិន។ បញ្ហានេះប្រហែលជាមិនមែនជាអ្វីដែលអាចសម្រេចបាន ឬពិចារណាបានងាយៗភ្លាមៗនោះទេ។ គ្រប់ភាគីត្រូវមើលលើចង្វាក់ និងជំហាន ហើយត្រូវទទួលស្គាល់ថា យើងកំពុងស្ថិតនៅចំកណ្ដាលនៃជម្លោះមហាអំណាចធំៗ។ ដូច្នេះ អ្វីដែលសំខាន់បំផុតគឺយើងនឹងការពារផលប្រយោជន៍ជាតិថៃដោយរបៀបណាតែប៉ុណ្ណោះ៕
