លោក មារិត សាងៀមពង្ស អតីតរដ្ឋមន្ត្រីក្រសួងការបរទេសថៃ នៅក្នុងរដ្ឋបាល នាង ផែថងថាន បានលើកឡើងអំពីគោលនយោបាយរបស់រដ្ឋាភិបាលថៃថ្មី ក្នុងការរៀបចំការធ្វើប្រជាមតិទៅលើ អនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០០ និង ២០០១ រវាង កម្ពុជា-ថៃ ថា រដ្ឋាភិបាលកំពុងព្យាយាមបង្កើត ភាពស្របច្បាប់ផ្នែកនយោបាយ ដោយរុញបន្ទុកទៅឲ្យប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តទាំងដែលរដ្ឋាភិបាលអាចសម្រេចចិត្តដោយខ្លួនឯងបាន។ ព្រោះនេះជាកិច្ចការនយោបាយនៃការគ្រប់គ្រងប្រទេស។ ប្រសិនបើរដ្ឋាភិបាលយល់ឃើញថា MOU នេះមិនបានផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនទេ រដ្ឋាភិបាលអាចសម្រេចចិត្តលុបចោលបាន…

ត្បិតថានិយាយបែបនេះ តែអតីតរដ្ឋមន្ត្រីការបរទេសរូបនេះបានសង្កត់ធ្ងន់ថា៖ ប៉ុន្តែរដ្ឋាភិបាលមិនត្រូវភ្លេចថា ការចរចារៀបចំ MOU ជាមួយកម្ពុជា គឺជាលទ្ធផលនៃការពិចារណារួមគ្នាពីស្ថាប័នរាជការជាច្រើន រួមមាន ក្រសួងការពារជាតិ កងទ័ព ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង ស្ថាប័នសន្តិសុខ ដែលបានចំណាយពេលពិចារណារួមគ្នាអស់រយៈពេលជាង ២០ ឆ្នាំ និងបានឆ្លងកាត់ការពិភាក្សាយ៉ាងល្អិតល្អន់ និងហ្មត់ចត់បំផុត ទើបឈានដល់ការឯកភាពគ្នាចំនួន ២ ច្បាប់នេះ។

កន្លងមក គ្រប់ស្ថាប័នរាជការដែលពាក់ព័ន្ធបានប្រើប្រាស់កិច្ចព្រមព្រៀង MOU ទាំង ២ ច្បាប់នេះ ជា ក្របខ័ណ្ឌ ក្នុងការចរចាព្រំដែនជាមួយកម្ពុជាយ៉ាងពេញលេញ។ មានការរីកចម្រើនក្នុងការរៀបចំបង្គោលព្រំដែន និងការដាក់ចេញនូវផែនការសម្រាប់ ការអង្កេត និង ការបោះបង្គោលព្រំដែន រួមគ្នាបានយ៉ាងល្អ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ។
ហើយប្រសិនបើ MOU នេះត្រូវបានលុបចោល ហើយត្រូវចាប់ផ្តើមការចរចាបោះបង្គោលព្រំដែនជាមួយកម្ពុជាឡើងវិញ ប៉ុន្តែមិនអាចបង្កើត ឧត្តមភាព លើកម្ពុជាដូចសម័យកាលមុន ដែលស្ថាប័នពាក់ព័ន្ធបានធ្វើទេ រដ្ឋាភិបាលក៏ត្រូវតែ ទទួលខុសត្រូវ ផងដែរ។

លោក មារិត បានគូសបញ្ជាក់ថា MOU គ្រាន់តែជា ការដាក់ក្របខ័ណ្ឌ នៃការចរចាព្រំដែនសម្រាប់ គណៈកម្មការព្រំដែនរួមថៃ-កម្ពុជា (JBC) ប្រើជាគោលការណ៍ណែនាំប៉ុណ្ណោះ មិនមែនជាការសម្រេចចិត្តលើបញ្ហាព្រំដែនអ្វីទាំងអស់ ។ ហើយនៅពេលដែល JBC បានចរចាគ្នាតាមក្របខ័ណ្ឌដែល MOU បានកំណត់ ហើយទទួលបានលទ្ធផលបែបណានោះ លទ្ធផលចរចារនោះនៅតែត្រូវយកទៅសុំការអនុម័តពីសភានៅឡើយ។ ដូច្នេះ MOU មិនបានធ្វើឲ្យប្រទេសជាតិបាត់បង់អធិបតេយ្យភាព និងបូរណភាពទឹកដីអ្វីទាំងអស់ ។

លោក មារិត យល់ឃើញថា នៅពេលដែលរដ្ឋាភិបាលតាំងចិត្តលុបចោល MOU ដោយផ្អែកលើប្រជាមតិរបស់ប្រជាជន មនុស្សជាច្រើនមានការបារម្ភថា ប្រជាពលរដ្ឋអាចនឹងមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងរឿងនេះ។ លទ្ធផលនៃការស្ទង់មតិបានរកឃើញថា ប្រជាជនភាគច្រើន មិនសូវយល់អំពីខ្លឹមសារនៃ MOU ទាំងពីរច្បាប់នេះ ទេ។ នៅពេលដែលប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតប្រជាមតិមិនយល់ខ្លឹមសារច្បាស់លាស់ ពួកគេអាចនឹងសម្រេចចិត្តដោយ អារម្មណ៍ ឬ ព័ត៌មានមិនពេញលេញ ដែលខុសពីស្ថាប័នរាជការផ្សេងៗដែលពាក់ព័ន្ធនឹងការចរចារៀបចំ MOU ទាំងពីរ ដែលត្រូវសិក្សាពីផលល្អ-ផលអាក្រក់យ៉ាងល្អិតល្អន់។ ដូច្នេះ ប្រជាមតិ អាចគ្រាន់តែជា “ឧបករណ៍នយោបាយ” តែប៉ុណ្ណោះ មិនមែនជាដំណោះស្រាយពិតប្រាកដទេ។ ទីបំផុត នេះអាចបណ្តាលឲ្យមានការបង្វែរព័ត៌មាន ការសម្រេចចិត្តមិនផ្អែកលើអង្គហេតុ និងមិនអាចកាត់បន្ថយជម្លោះបានដូចការរំពឹងទុក។

លោក មារិត ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើលទ្ធផលប្រជាមតិគឺ លុបចោល MOU ប៉ុន្តែភាគីកម្ពុជា មិនព្រមទទួលយក ឬមិនសហការ នោះ ថៃអាចនឹងត្រូវប្រឈមមុខនឹង វិវាទអន្តរជាតិ ដែលតម្រូវឲ្យដោះស្រាយតាម ច្បាប់អន្តរជាតិ មិនមែនត្រឹមតែប្រើសំឡេងប្រជាជននោះទេ។ ព្រោះ មូលដ្ឋាននៃ MOU តាមច្បាប់អន្តរជាតិ ត្រូវបានចាត់ទុកជាសន្ធិសញ្ញា និងមាន កាតព្វកិច្ចនយោបាយ (Political Commitment) ។ ប្រសិនបើភាគីណាមួយរំលោភបំពានដោយឯកតោភាគី អាចប៉ះពាល់ដល់ ទំនុកចិត្ត និង ទំនាក់ទំនងការទូត ។ ហេតុដូច្នេះហើយ ការលុបចោល ឬការកែប្រែ MOU យោងតាម អនុសញ្ញាក្រុងវីយែន ស្ដីពីច្បាប់នៃសន្ធិសញ្ញា ឆ្នាំ ១៩៦៩ មាត្រា ៥៤-៥៦ បានចែងថា ការលុបចោលកិច្ចព្រមព្រៀងអន្តរជាតិអាចធ្វើទៅបានលុះត្រាតែ ភាគីទាំងពីរយល់ព្រម៕
