ព្រៃវែង៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអំពាវនាវជាថ្មីម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីទឹកជំនន់ ជាពិសេសការថែទាំសុខភាព អនាម័យ និងការមើលថែរក្សាកុមារតូចៗកុំឱ្យលង់ទឹក។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៨០គ្រួសារ ដែលរស់នៅឃុំកំពង់ប្រាសាទ និងឃុំកោះសំពៅ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាក ក៏ដូចជាការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងផងដែរ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌នេះ។ ឯកឧត្តមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នៅតែបន្តបេសកកម្មមនុស្សធម៌ របស់ខ្លួនដោយឈរលើគោលការណ៍ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ដើម្បីជួយសង្គ្រោះ និងស្តារឡើងវិញនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះនៅទូទាំងខេត្ត។

យោងតាមរបាយការណ៍របស់អភិបាលស្រុកពាមជរ បានឱ្យដឹងថា ស្រុកពាមជរមានភូមិដែលរងផលប៉ះពាល់ដោយទឹកជំនន់សរុប ៤០ភូមិ និងគ្រួសាររងផលប៉ះពាល់ចំនួន ៧៦៧គ្រួសារ ក្នុងនោះខ្នងផ្ទះចំនួន ៣១៩ខ្នង ក៏រងផលដែរ។ ប្រជាពលរដ្ឋចំនួន ៤៣នាក់ និងសត្វចិញ្ចឹម ២៥ក្បាល ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពដែលមានចំនួន ២៤ទួល។ ចំពោះគ្រួសាររងផលប៉ះពាល់ខ្លាំងមានចំនួន ៨០គ្រួសារ។

ទន្ទឹមនឹងនោះ ដំណាំកសិផលដែលបានអនុវត្តលើផ្ទៃដីចំនួន ៤.៣០៦ហិកតា ក៏បានរងផលប៉ះពាល់ចំនួន ៤៦៧ហិកតា និងខូចខាតចំនួន ២១៥ហិកតា ក្នុងនោះដំណាំអនុផលខូចខាតចំនួន ២២ហិកតា

សម្រាប់អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះទាំង ៨០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ឃីត (មួយកញ្ចប់), មី ១កេស, ត្រីខ ១យួរ និងថវិកាចំនួន ៥០.០០០រៀល

អត្ថបទ៖ត្រយង

Share.