កំពង់ចាម៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារកាកបាទក្រហមខេត្ត ចុះចែកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងបាក់ច្រាំងទន្លេ ចំនួន ៥៤គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។




ការផ្តល់អំណោយនេះ មានបំណងជួយបន្ធូរបន្ថយការលំបាក និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិ។ឯកឧត្តម អ៊ុន ចាន់ដា បានផ្ញើសារសួរសុខទុក្ខ និងសេចក្តីស្រលាញ់ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។




ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋតាមដងទន្លេ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការលេងទឹកទន្លេរបស់កុមារ ពេលទឹកឡើងខ្លាំង និងសូមឲ្យអ្នកនេសាទត្រីប្រុងប្រយ័ត្នពេលមេឃភ្លៀង ឃើញស្ថានភាពមិនស្រួល ត្រូវត្រលប់ទៅកន្លែងសុវត្ថិភាពភ្លាមៗ។ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសោកស្តាយចំពោះគ្រួសារដែលរងគ្រោះដោយបាក់ច្រាំងទន្លេ ហើយអំពាវនាវឲ្យស្នាក់នៅតំបន់សុវត្ថិភាពបណ្តោះអាសន្ន រហូតទឹកស្រកវិញ។ បន្ទាប់មក សូមប្រជាពលរដ្ឋខិតខំប្រឹងប្រែងរកស៊ីបន្ត ដើម្បីផ្គត់ផ្គង់គ្រួសារ និងអនុវត្តអនាម័យល្អ ដើម្បីការពារជម្ងឺផ្សេងៗ។




អត្ថបទ÷ អាចារ្យលាក់

