ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី បានបរាជ័យក្នុងការប្រកួតជាមួយអ៊ីរ៉ាក់ វគ្គជម្រុះតំបន់អាស៊ីជុំទី៤ ពូល B ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងលទ្ធផល ១-០ នារាត្រីថ្ងៃទី១១ ឈានចូលថ្ងៃទី១២ តុលា ២០២៥។

ការបរាជ័យនេះដែរ បានធ្វើអោយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី អស់ឱកាសទៅលេង FIFA World Cup 2026 បន្ទាប់ពីចាញ់ ២ប្រកួតជាប់គ្នា ដោយចាញ់ម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត នៅប្រកួតទី១ ក្នុងលទ្ធផល ៣ទល់និង២ និងចាញ់អ៊ីរ៉ាក់ ១-០ វគ្គជម្រុះតំបន់អាស៊ីជុំទី៤ ពូល B។

ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី គឺជាក្រុមអាស៊ាន តែមួយគត់ដែលអាចឡើងទៅជុំទី៤នេះ។ ស្របពេលនៅវគ្គនេះដែរ ក្រុមដែលឈរនៅលេខ១ ក្នុងពូល នឹងត្រូវឡើងទៅកាន់ជុំចុងក្រោយ ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026។
ខណ:ក្រុមលេខ២ ក្នុងពូលទាំង២ នឹងត្រូវប្រកួតគ្នាម្ដងទៀត នៅជុំទី៥ ចំនួន២ជើង នៅខែវិច្ឆកា ខាងមុខ ជើងទី១ នៅថ្ងៃទី១៣ វិច្ឆិកា និងជើងទី២ នៅថ្ងៃទី១៨ វិច្ឆិកា ២០២៥ ដើម្បីកាត់សេចក្ដីរក១ក្រុមឡើងទៅលេងFIFA World Cup 2026 នៅម៉ិកស៊ិក អាមេរិក និងកាណាដា។
ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ដែលតែងតែបង្ហាញវត្តមាន៤ឆ្នាំម្តង ត្រូវបានផ្លាស់ប្ដូរ ដោយការជ្រើសរើសក្រុមបង្កើនពី៣២ក្រុម រហូតដល់៤៨ក្រុមឯណោះ បើធៀបនឹងឆ្នាំ២០២២ កន្លងទៅ។ ដោយឡែកសម្រាប់ ឆ្នាំ២០២៦នេះវិញ ព្រឹត្តិការណ៍ FIFA World Cup មានសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក រួមគ្នាជាសហម្ចាស់ផ្ទះ ទាំង៣ប្រទេសតែម្តង។

ខាងក្រោមនេះជាចំនួនកៅអីដែលបណ្តាលទ្វីប នីមួយៗទទួលបានមុនទៅចូលនៅ World Cup ឆ្នាំ២០២៦៖
១. ទ្វីបអាស៊ី ទទួលបាន ៨កៅអី កើនឡើងចំនួន ២កៅអី
២. ទ្វីបអាហ្រ្វិក ទទួលបាន ៩កៅអី កើនឡើងចំនួន ៥កៅអី
៣. ទ្វីបអាមេរិកខាងជើង ទទួលបាន ៣កៅអី (ដកម្ចាស់ផ្ទះ៣ប្រទេស)
៤. ទ្វីបអាមេរិកខាងត្បូង ទទួលបាន ៦កៅអី កើនឡើងចំនួន ២កៅអី
៥. ទ្វីបអឺរ៉ុប ទទួលបាន ១៦កៅអី កើនឡើងចំនួន ៣កៅអី
៦. ទ្វីបអូសេអានី ទទួលបាន ១កៅអី។
បើមិនមានអ្វីប្រែប្រួលនោះទេ នោះការប្រកួតជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ២០២៦ នឹងចាប់ផ្តើមនៅខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយមាន ៤៨ក្រុម មកពី៦ទ្វីប ជុំវិញពិភពលោក។
សូមបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup បង្តើតឡើងដំបូងនៅឆ្នាំ១៩៣០ គិតមកដល់បច្ចុប្បន្ននេះគឺមានអាយុកាល ៩៣ឆ្នាំហើយ ខណៈដែលក្រុមដែលគ្រងជើងឯកពានរង្វាន់នេះច្រើនជាងគេនោះគឹក្រុមជម្រើសជាតិប្រេស៊ីល បានចំនួន ៥ដង ១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤, និង២០០២ តាមពីក្រោយដោយក្រុមជម្រើសជាតិអាហ្សង់ទីន បានចំនួន ៣ដង ពោលគឺឆ្នាំ១៩៧៨, ១៩៨៦ និងចុងក្រោយនេះនៅឆ្នាំ២០២២ ដែលរៀបចំនៅប្រទេសកាតា៕
