គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង០១កន្លែង ស្ថិតនៅចំណុចអគារ MORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះ ចំនួន ៨០នាក់ មានស្រ្តី ១៥នាក់ មកពី ០៧សញ្ជាតិ ។



ក្នុងចំណោមមនុស្សទាំង ៨០នាក់ ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនជាតិចិន ៥៧នាក់, នេប៉ាល់ ០២នាក់, ម៉ាឡេស៊ី ០៥នាក់, វៀតណាម ០២, មីយ៉ាន់ម៉ា ០៩នាក់ និងស្រ្តីជនជាតិខ្មែរ ០៥នាក់។
ក្នុងប្រតិប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន ម៉ូនីទ័រ ២០៤គ្រឿង, ធុងCPU ១២៨គ្រឿង, និងកុំព្យូទ័រយួរដៃ ០៣គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចខណ្ឌចំការមនកំពុងសហការជាមួយ មន្ត្រីជំនាញនៃការិយាល័យ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធ ក្នុងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងទៀត ។



សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ដោយមានការចូលរួមអនុវត្តសកម្មភាពពីក្រសួង ស្ថាប័ន អាជ្ញាធរថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។ ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះនឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ៕




អត្ថបទ៖ កណ្តាល
