ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ នៅផ្ទះលេខ២៣៤ ផ្លូវសាន់រ៉យ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅទីតាំងខាងលើសង្ស័យមានលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam ទើបកម្លាំងសមត្ថកិច្ច ប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះទៅបង្ក្រាប ឃាត់ខ្លួនបានជនជាតិវៀតណាមចំនួន៨នាក់ ស្រី២នាក់ ដកហូតកុំព្យូទ័រលើតុចំនួន១០គ្រឿង និងទូរសព្ទដៃចំនួន៤គ្រឿងផងដែរ ។

សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យបានប្រើប្រាស់ទីតាំងក្នុងប្រទេសកម្ពុជាជាមណ្ឌលហៅទូរស័ព្ទ(call center) សម្រាប់ធ្វើសកម្មភាពឆបោកសំដៅចំពោះជនជាតិវៀតណាមក្រោមរូបភាពលួងលោម, ត្រូវរង្វាន់អ្វីមួយ ដោយតម្រូវឱ្យបង្ហាញលេខគណនីvisa card ដើម្បីធ្វើសកម្មភាពលួចចូលគណនី ហើយលួចផ្ទេរលុយចេញពីគណនីជនរងគ្រោះតែម្តង ។

ក្រោយឃាត់ខ្លួនបាន ជនសង្ស័យរួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅការិយាល័យជំនាញ ស្នងការនគរបាលដើម្បីអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.