ក្រោយផ្ទុះចែករំលែកពេញបណ្ដាញសង្គម ដំណឹងដែលនាយករដ្ឋមន្ត្រីកូរ៉េបានចេញមកទម្លាយថាមានមន្ត្រីថៃរហូតដល់ទៅ៧នាក់មានជាប់ពាក់ព័ន្ធនឹង Scam Online តែក្រោយមកទាំងកាសែត និងបណ្ដាញសារព័ត៌មានថៃបានចេញមកច្រានចោល ដោយបានលើកយកសម្ដីស្ថានទូតកូរ៉េប្រចាំទីក្រុងបាងកកមកផ្សព្វផ្សាយថាមិនមានការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េដូចជាការផ្សព្វផ្សាយលើបណ្ដាញសង្គមក្ដី ប៉ុន្តែបើយើងក្រឡេកទៅមើលកាលពីជិតមួយខែមុន ពោលគឺនៅក្នុងការប្រជុំសភាថៃដើម្បីដេញដោលគោលនយោបាយរបស់រដ្ឋាភិបាល លោក អនុទិន ឆានវីរគុល ក៏មានលើកឡើងពីបណ្ដាញឆបោកអនឡាញដ៏ធំដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ ដោយមានការចូលរួមនិងបើកដៃឱ្យពីមន្ត្រីគ្រាក់ៗនៅក្នុងជួររដ្ឋបាលរបស់លោក អនុទិន ពោលគឺលោក ឧបនាយករដ្ឋមន្ត្រី ធម្មាណាត់ ព្រហ្មផៅ រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលត្រូវបានគេដឹងថា ជាអតីតឧក្រិដ្ឋជនជួញដូរគ្រឿងញៀន និងមានឈ្មោះជាប់ពាក់ព័ន្ធនឹងក្រុមសង្គមងងឹត។






នៅក្នុងឱកាសនោះ សមាជិកសភាបក្សប្រឆាំង និងជាអនុប្រធានបក្សប្រជាជន លោក រ៉ាងស៊ីម៉ាន់ រ៉ូម បានទម្លាយដោយបាញ់ព្រួញតម្រង់ទៅលោក ធម្មាណាត់ ថា លោកមានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងមេក្រុមសង្គមងងឹតឬមេ Scam Online ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ដែលបានមករស់នៅប្រទេសថៃ រៀបការជាមួយនឹងស្ត្រីជនជាតិថៃ ដែលជាអតីតបវរកញ្ញា ហើយទំនងជាមកដល់បច្ចុប្បន្ននេះ ទទួលបានសញ្ជាតិថៃផងក៏មិនដឹង។


ក្រៅពីថៃ កំពុងតែបកអាក្រាតថៃគ្នាឯងហើយនោះ សារព័ត៌មានល្បីៗកម្រិតអន្តរជាតិ Reuters , CNA , និង BBC ក៏បានផ្សព្វផ្សាយដំណឹងស្រដៀងគ្នានេះដែរ ពោលគឺទម្លាយពីភាពខ្មៅកខ្វក់ និងគួរឱ្យភ័យខ្លាចនៃប្រទេសថៃ ដែលធ្លាប់ត្រូវបានគេប្រសិទ្ធនាមឱ្យថា ជាតំបន់ឋានសួគ៌ តែនៅខាងក្រោយវាំងនននោះគឺមាន ការជួញដូរគ្រឿងញៀន លាងលុយកខ្វក់ ជួញដូរមនុស្ស ពេស្យាចារ និងជាពិសេសគឺជាមជ្ឈមណ្ឌលកណ្ដាលដ៏ធំ ដែលចាំចែកចាយ ជនរងគ្រោះ ទៅកាន់តំបន់នានានៅជុំវិញពិភពលោកដោយមានព្រលានយន្តហោះអន្តរជាតិថៃគឺជាទីតាំងចាំដឹក ទទួល និងបញ្ជូនចេញទៅកាន់ទីតាំងផ្សេងៗ។



ក្នុងនោះមានជនរងគ្រោះជនជាតិចិនដែលជាតារាម៉ូដែលត្រូវបានចាញ់បោកថាផ្ដល់ការងារជាម៉ូដែលនៅបាងកក តែចុងក្រោយក្លាយជាជនរងគ្រោះនិងជាឧបករណ៍ឆបោកដែលត្រូវបានគេដឹកយកទៅឃុំឃាំង និងបង្ខំឱ្យប្រឹព្រឹត្តិបទល្មើសនៅតំបន់ព្រំដែនថៃមីយ៉ាន់ម៉ា និងករណីទើបតែល្បីក្ដៅៗនេះ រឿងតារាម៉ូដែលប៊េលឡារុសត្រូវបានគេបញ្ឆោតផ្ដល់ការងារនៅថៃ តែក្រោយមកត្រូវបានចាប់បង្ខាំងឱ្យបោកប្រាស់ក្នុងរូបភាពស្នេហា តែក៏ត្រូវបានធ្វើទារុណកម្ម ដោយសារតែមិនអាចសម្រេចតាមផែនការដែលបានកំណត់ ហើយទីបំផុតត្រូវបានគេសម្លាប់យកគ្រឿងក្នុង ចំណែកសពត្រូវបានដុតបំផ្លាញចោល នេះបើយោងតាមសម្ដីរបស់សមាជិកគ្រួសារប្រាប់សារព័ត៌មាននិងសមត្ថកិច្ច។ នៅមានករណីច្រើនទៀតណាស់ដែលជនរងគ្រោះត្រូវបានគេបោកបញ្ឆោតឱ្យធ្វើដំណើរមកប្រទេសថៃ ហើយប្រែក្លាយជាជនរងគ្រោះនៃអំពើឆបោក ប៉ុន្តែមិនអាចរៀបរាប់អស់។



តាមរយៈការស៊ើបអង្កេតបង្ហាញឱ្យឃើញថា ថៃ ស្ថិតនៅចំណុចកណ្ដាល ឬជាទីតាំងបង្កភាពងាយស្រួល និងជួយសម្រួលដល់ឧក្រិដ្ឋជនក្នុងការយកប្រទេសនេះជាទីតាំងកណ្ដាលទាក់ទាញជនរងគ្រោះពីគ្រប់ទិសទីឱ្យធ្វើដំណើរមកប្រទេសថៃ មុននឹងពួកគេទាំងនោះត្រូវបាននាំចេញទៅកាន់ទីតាំងផ្សេងៗដែលមានទាំងក្នុងប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដើម្បីឱ្យបំពេញប្រតិបត្តិការបោកប្រាស់តាមរូបភាពផ្សេងៗ៕
