ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានចុះស្រាវជ្រាវស៊ើបអង្កេតជាសកម្ម នៅតាមផ្សាររដ្ឋ ផ្សារឯកជន និងម៉ាតទូទាំងរាជធានី និងបួនខេត្តគោលដៅផ្សែងទៀត។


ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម (VFA) ប្រកាសរកឃើញផលិតផលប្រេងឆាក្លែងក្លាយចំនួន ៥ ម៉ាក។តាមសេចក្តីជូនដំណឹងរបស់ VFA ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន GF Vietnam Food Co., Ltd. មានទីតាំងនៅខេត្ត Hung Yen វៀតណាម ត្រូវបានរកឃើញផលិត និងចែកចាយប្រេងឆាម៉ាក CHICA, TAMIN GOLD, GOLDMAX, TOT និង MEGAFOOD ដែលមានគុណភាពអន់ និងជាទំនិញក្លែងក្លាយ។
ដើម្បីការពារសុខភាពអ្នកប្រើប្រាស់ មន្រ្តី ក.ប.ប. នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ស្វាយរៀង កណ្ដាល និងរតនគិរី បានចុះពិនិត្យនៅតាមទីតាំងលក់ទំនិញសរុប ១០៧ កន្លែង ក្នុងអំឡុងថ្ងៃទី១៨ និង១៩ តុលា ២០២៥។ លទ្ធផលបឋម បង្ហាញថា មិនទាន់មានការរកឃើញផលិតផលប្រេងឆាក្លែងក្លាយទាំង៥ ម៉ាកនោះនៅក្នុងទីផ្សារកម្ពុជា។ ទោះជាយ៉ាងណា មន្រ្តីជំនាញនឹងបន្តស៊ើបអង្កេត និងតាមដានយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការចូលមកនៃទំនិញមិនមានគុណភាព។



អគ្គនាយកដ្ឋាន ក.ប.ប. បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន មិនទិញ ឬប្រើប្រាស់ប្រេងឆាម៉ាកខាងលើឡើយ ហើយបើមានការពើបប្រទះ សូមជូនដំណឹងតាមរយៈកម្មវិធី CCF Complaint App ឬតាមលេខទូរស័ព្ទ ១២៦៦ ដើម្បីអនុវត្តវិធានការតាមច្បាប់ឱ្យបានទាន់ពេលវេលា។អាជ្ញាធរក.ប.ប. បញ្ជាក់ថា នឹងបន្តសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ជាបន្ត៕
អត្ថបទ៖ ចតុម្មុខ


