កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងដំណើរការផ្តល់ជ័យលាភី នៃការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងសេវាសង្គម» សម្រាប់រដ្ឋបាលឃុំ-សង្កាត់ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី២០ ខែតុលា នៅសាលាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ការអនុវត្តគោលនយោបាយនេះក្នុងឆ្នាំ២០២៤ កន្លងមក បានមានលទ្ធផលល្អប្រសើរ ដោយមានការចូលរួមយ៉ាងសកម្មពីរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ដែលបានបំពេញតួនាទីដោយឆន្ទៈខ្ពស់។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងជម្រុញការងារឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន សម្រាប់ការប្រឡងប្រណាំងឆ្នាំ២០២៥។

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំឲ្យលេខាធិការដ្ឋានថ្នាក់ខេត្តធ្វើតួនាទីដឹកនាំ ការត្រួតពិនិត្យ និងវាយតម្លៃចុងក្រោយលើការងារនេះ ដោយសហការជាមួយមន្ទីរ និងអង្គភាពជំនាញនានា ដើម្បីគាំទ្រការងាររដ្ឋបាលឃុំ សង្កាត់ ក្នុងការផ្តល់សេវាសង្គម និងការពង្រឹងសន្តិសុខសាធារណៈ។

រដ្ឋបាលខេត្តនឹងកំណត់លក្ខណវិនិច្ឆ័យ និងតារាងពិន្ទុស្តង់ដាររួម សម្រាប់ការវាយតម្លៃជំហានបន្ទាប់ ព្រមទាំងចាត់តាំងក្រុមការងារចម្រុះចុះធ្វើសុពលភាពជាក់ស្តែងលើឃុំ សង្កាត់ដែលត្រូវបានជ្រើសរើស។ ក្រុមការងារលេខាធិការដ្ឋាននឹងរៀបចំបែបបទស្នើសុំវិញ្ញាបនបត្រ និងរង្វាន់សម្រាប់រដ្ឋបាលឃុំ សង្កាត់ដែលទទួលបានជ័យលាភី។

អត្ថបទ៖ អាចារ្យលាក់

Share.