ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីបន្លំខ្លួនជាសមត្ថកិច្ច ប្លន់យកម៉ូតូ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ជនសង្ស័យមានឈ្មោះ ថៃ សុជាតិ ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២០ តុលា ២០២៥ បន្ទាប់ពីប្រព្រឹត្តអំពើល្មើសកាលពីថ្ងៃទី១៧ តុលា វេលាម៉ោង ២និង២០នាទី នៅតាមចំណុចផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ថាំ ប៊ូណាល់ អាយុ២៣ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។សមត្ថកិច្ចបានដកហូតវត្ថុតាងចំនួន២ ប្រភេទ រួមមាន ម៉ូតូម៉ាក YAMAHA FZ ពណ៌សខៀវ ស្លាកលេខ ខេមរភូមិន្ទ 1-2227 និងកាំភ្លើងហ្គាសកែច្នៃ ម៉ាក Glock ដែលប្រើសម្រាប់ធ្វើសកម្មភាព។

បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតបន្ថែម និងរៀបចំសំណុំរឿងបញ្ជូនតាមនិតិវិធី៕

អត្ថបទៈ ចតុម្មុខ

Share.