ពោធិ៍សាត់÷ ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវគោលការណ៍អោយអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទាំងអស់ត្រូវជំរុញការដោះស្រាយវិវាទក្រៅប្រ័ពន្ធតុលាការជូនបងប្អូនប្រជាពលរដ្ឋទៅដល់មូលដ្ឋានឲ្យឆាប់រហ័សបំផុត។មានប្រសាសន៍ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តថ្ងៃទី 20 ខែតុលាឆ្នាំ 2025 នេះនៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តមបានលើកឡើងថា ដើម្បីជួយសម្រួលបន្ទុកផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់វិវាទផ្សេងៗឱ្យល្អប្រសើរនោះអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ជួយដោះស្រាយឱ្យបានឆាប់បំផុត ពោលគឺការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឲ្យទៅដល់មូលដ្ឋានដែលខ្លួនគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ។

បន្ថែមលើសពីនេះទៀត ត្រូវបន្តពង្រឹងធានាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អ យកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ពេល រាល់កម្មវិធីផ្សេងៗត្រូវបញ្ច្រាបគោលនយោបាយនិងការអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន ត្រូវក្តាប់សភាពការក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ ចំពោះបញ្ហានានាដែលកើតក្នុងដែនសមត្ថកិច្ចជាពិសេសបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់ ទប់ស្កាត់ឱ្យបាននៅបទល្មើសផ្សេងៗ ដូចជាចោរលួច ឆក់ ប្លន់ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ល្បែងអនឡាញគ្រប់ប្រភេទ បទល្មើសធនធានធម្មជាតិជាដើម។

អាជ្ញាធរពាក់ព័ន្ធត្រូវពង្រឹងការផ្ដល់សេវាជួនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា យកដាក់ខ្ពស់ បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ មន្ទីរអង្គភាពរដ្ឋបាល ស្រុកក្រុងឃុំសង្កាត់ត្រូវតែបន្តសំអាតអនាម័យបរិស្ថានឲ្យបានអាចជានិច្ចនិងគ្មានសម្រាមនៅគ្រប់លំនៅឋាននិងគ្រប់ទីកន្លែង ដោយផ្សព្វផ្សាយជូនប្រជាពលរដ្ឋរបស់យើងឲ្យចេះទុកដាក់សំរាមអោយបានត្រឹមត្រូវឬកប់ចោលតែម្ដង៕

អត្ថបទ÷ពោធិ៍សាត់

Share.