ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា និងកំណត់ទិសដៅសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងប្រធានពន្ធនាគាររាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយកបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៩ ចំណុច ដើម្បីពង្រឹងការអនុវត្តការងារ និងលើកកម្ពស់លក្ខខណ្ឌនានានៅក្នុងស្ថាប័នពន្ធនាគារ៖

១. ការបន្ធូរបន្ថយទោស: មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិត។

២. ការបណ្តុះបណ្តាលមន្ត្រីថ្មី: ត្រូវយកចិត្តទុកដាក់ណែនាំ និងបង្ហាត់បង្រៀនដល់មន្ត្រីកម្មសិក្សាដែលទើបជាប់ក្របខ័ណ្ឌមន្ត្រីពន្ធនាគារថ្មី។

៣. លើកទឹកចិត្តសិក្សា: ត្រូវបន្តលើកទឹកចិត្តដល់មន្ត្រីដែលចង់សិក្សារៀនសូត្រជំនាញ់ផ្សេងៗ ដើម្បីជាធនធានបន្តវេនដែលមានសក្ដានុពល។

៤. របបអាហារ និងអនាម័យ: ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំរបបអាហារ និងអនាម័យរស់នៅរបស់ជនជាប់ឃុំឲ្យបានល្អប្រសើរ។

៥. ទំនាក់ទំនងសហការ: ត្រូវបន្តកសាងទំនាក់ទំនងឲ្យបានល្អជាមួយនឹងម្ចាស់ជំនួយនានា និងស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នសុខាភិបាល។

៦. ការកែសម្រួលតម្លៃទំនិញ: ត្រូវរៀបចំកែតម្លៃសម្ភារៈក្នុងកង់ទីនរៀងរាល់៦ខែម្តង ដើម្បីឲ្យស្របតាមតម្លៃទីផ្សារជាក់ស្តែង។

៧. ក្រុមការងារសុខាភិបាលអន្តរាគមន៍: អគ្គនាយកដ្ឋានពន្ធនាគារកំពុងរៀបចំក្រុមការងារសុខាភិបាល ដើម្បីចុះត្រួតពិនិត្យ និងជួយអន្តរាគមន៍ពេលត្រូវការជំនួយបន្ទាន់ពីមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។

៨. ការងារផលិតកម្ម និងកសិកម្ម: មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ត្រូវជំរុញលើការងារផលិតកម្ម កសិកម្ម ឲ្យបានកាន់តែល្អប្រសើរ។

៩. ការថែទាំសុខភាពរដូវត្រជាក់: ត្រូវបន្តយកចិត្តទុកដាក់លើសុខភាពជនជាប់ឃុំ ក្នុងការប្រែប្រួលអាកាសធាតុរដូវត្រជាក់ខាងមុខនេះ។

អនុសាសន៍ទាំងនេះ គឺដើម្បីធានាឲ្យការងារគ្រប់គ្រង និងកែប្រែជនជាប់ឃុំប្រព្រឹត្តទៅដោយប្រសិទ្ធភាព ស្របតាមច្បាប់ និងស្តង់ដារមនុស្សធម៌៕

អត្ថបទ៖ត្រយង

Share.