ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ នៅសាលប្រជុំមន្ទីរ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅសម្រាប់បន្តការងារក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រតិភូក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ មន្ត្រីជំនាញនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

ក្នុងឱកាសនោះ លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន និងប្រតិភូក្រសួង ដែលបានផ្ដល់កិត្តិយសចូលរួម ដើម្បីស្ដាប់នូវបទបង្ហាញរបាយការណ៍សង្ខេបអំពីសមិទ្ធផលដ៏ត្រចះត្រចង់ដែលមន្ទីរសម្រេចបានក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ២០២៥។ តាមរយៈកិច្ចសហការគ្នារវាងការិយាល័យទូរទស្សន៍ វិទ្យុ និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) មន្ទីរបានខិតខំផលិតនិងផ្សព្វផ្សាយព័ត៌មាន កម្មវិធីអប់រំ និងខ្លឹមសារនានាយ៉ាងផុសផុល។



ត្រឹម ៩ ខែ ដើមឆ្នាំនេះ ការផ្សព្វផ្សាយសរុបតាមរយៈផេកទូរទស្សន៍ជាតិខេត្ត វិទ្យុជាតិខេត្ត ការបញ្ជូនទៅផ្សព្វផ្សាយនៅភ្នំពេញ និងការធ្វើសេចក្តីរាយការណ៍ផ្ទាល់ (Live Phone-in) បានកើនឡើងដល់ជាង ៩.៧៤៥ លើក និងពិសេសការផ្សព្វផ្សាយតាមបណ្ដាញសង្គមទំនើបទាំងអស់ (Facebook, TikTok, YouTube, Instagram, X Twitter) បានកើនឡើងសរុបរហូតដល់ ៧.២៥២ លើក។ លើសពីនេះ មន្ទីរក៏បានបង្កើនកម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃដូចព័ត៌មានព្រឹកនេះ» ចាប់ពីម៉ោង ៧-៨ ព្រឹក (រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ) កម្មវិធី «បច្ចុប្បន្នភាពកម្ពុជា» ចាប់ពីម៉ោង ១៣-១៤ រសៀល (រៀងរាល់ថ្ងៃច័ន្ទ ដល់សុក្រ) ព្រមទាំងកម្មវិធី «យល់ដឹងព្រះពុទ្ធសាសនា និងឥស្លាមសាសនា» ចាប់ពីម៉ោង ០៩-១០ ព្រឹក (រៀងរាល់ថ្ងៃសុក្រ)ផងដែរ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានបំពេញការងារក្នុងនាមជាសេនាធិការដ៏ល្អឱ្យក្រសួង និងរដ្ឋបាលខេត្ត។



ឯកឧត្តមអនុរដ្ឋលេខាធិការបានកោតសរសើរជាពិសេសចំពោះការចូលរួមយ៉ាងសកម្មរបស់មន្ទីរក្នុងការឌីហ្សាញ និងផ្សព្វផ្សាយ Poster ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក «និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» ដែលជាការងារដ៏សំខាន់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ផលប៉ះពាល់នៃព័ត៌មានមិនពិត។
ជាការណែនាំបន្ត ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន បានជំរុញឱ្យមន្ត្រីទាំងអស់បន្តអនុវត្តការងារឱ្យកាន់តែប្រសើរឡើង ដោយរិះរកគំនិតថ្មីៗក្នុងការផលិតមាតិកាកម្មវិធី និងព័ត៌មានប្លែកៗ។ ពិសេសជាងនេះ ឯកឧត្តមបានសង្កត់ធ្ងន់លើការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយបង្ហាញនូវ សមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តត្បូងឃ្មុំបានខិតខំសម្រេចបាន ជូនដល់សាធារណជនបានជ្រាប។
មុននឹងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើសារដ៏មានអត្ថន័យដល់មន្ត្រីទាំងអស់ឱ្យបន្តរក្សា សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អ និងបង្កើនប្រសិទ្ធភាព និងគុណភាពការងារឱ្យបានខ្ពស់ ស្របតាមទិសស្លោកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា គឺ៖ “ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន”៕
អត្ថបទ៖ អាចារ្យលាក់

