ព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង ពូល D នៃពានរង្វាន់ AFC Challenge League ២០២៥-២៦ Group Stage វគ្គចែកពូល (តំបន់ខាងកើត) ក្រោយ​យក​ឈ្នះ​ ក្រុម SP Falcons របស់ម៉ុងហ្គោលី ក្នុង​លទ្ធផល ៣-០ កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥ ក្នុងពហុកីឡដ្ឋានជាតិ​មរតតេជោ។

ថិត​ក្នុង​ការ​តាម​ដាន​ក្នុង​ក្រសែភ្នែក​អ្នក​គាំទ្រ ជាង ១ម៉ឺននាក់ ព្រះខ័នរាជស្វាយរៀង ពិត​ជាធ្វើ​បាន​យ៉ាង​ល្អ​ ដោយ​នៅ​វគ្គ​ទី១ ខ្សែប្រយុទ្ធ Peprah Kwame សញ្ជាតិ​ហ្គាណា រក​បាន​ ១គ្រាប់​ បើក​ការ​នាំមុខ​នៅ​នាទីទី១៨ ឆាន​ដល់​ចុង​វគ្គ​ទី១ នៅ​នាទីទី៣៣ Peprah Kwame បន្ថែម​ ១គ្រាប់​ទៀត បង្កើន​ភាព​សប្បាយ​រីករាយ​កាន់​តែ​ខ្លាំង​ដល់​អ្នកគាំទ្រ។

លុះ​ដល់​វគ្គ​ទី២ ព្រះខ័នរាជស្វាយរៀង បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ SP Falcons នៅ​រក្សា​លទ្ធផល ២-០ រហូត​ដល់​នាទី ទី៩០ បូក១ ទើប​ខ្សែការពារសញ្ជាតិ​ជប៉ុន Takashi Odawara បន្ថែម​ ១គ្រាប់​ទៀត មុន​បញ្ចប់​ការប្រកួត។

តារាង​ចំណាត់​ថ្នាក់​ពូល D ដែល​មាន​ព្រះខ័នរាជស្វាយរៀង ជាម្ចាស់​ផ្ទះ រួម​មាន៖

  • ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ឈ្នះ១ មាន ៣ពិន្ទុ
  • Manila Digger FC របស់ហ្វីលីពីន ឈ្នះ១ មាន ៣ពិន្ទុ
  • SP Falcons របស់ម៉ុងហ្គោលី ចាញ់១ មាន ០ពិន្ទុ
  • Ezra FC របស់ឡាវ ចាញ់១ មាន ០ពិន្ទុ។

ដោឡែក​សម្រាប់​ពូល E ដែល​មានភ្នំពេញក្រោន ក្រោយ​ស្មើ ១-១ ជាមួយម្ចាស់​ផ្ទះ Dewa United

  • Tainan City FC របស់តៃវ៉ាន់ ឈ្នះ១ មាន ៣ពិន្ទុ
  • Dewa United របស់ឥណ្ឌូណេស៊ី ស្មើ១ មាន ១ពិន្ទុ
  • ភ្នំពេញក្រោន របស់កម្ពុជា ស្មើ១ មាន ១ពិន្ទុ
  • Shan United របស់មីយ៉ាន់ម៉ា ចាញ់១ មាន ០ពិន្ទុ។

កម្មវិធីប្រកួត៖

ពូល D

  • ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ Ezra FC របស់ឡាវ ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់
  • ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Manila Digger FC របស់ហ្វីលីពីន ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់ ខណៈការប្រកួតទាំង ៣របស់ព្រះខ័នរាជស្វាយរៀង គឺធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពូល E

  • ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ភ្នំពេញក្រោន ប៉ះ Shan United របស់មីយ៉ាន់ម៉ា ម៉ោង ៣:០០នាទីរសៀល
  • ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Tainan City របស់តៃវ៉ាន់ ប៉ះ ភ្នំពេញក្រោន ម៉ោង ៣:០០នាទីរសៀល ខណៈការប្រកួតទាំង៣របស់ភ្នំពេញក្រោន ធ្វើឡើងនៅ កីឡដ្ឋាន Indomilk Arena។

សូមជម្រាបថា កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំងពីរគឺនឹងចាប់​ផ្ដើម​នៅ​ថ្ងៃទី២៥ តុលា សម្រាប់តំបន់​អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់​តំបន់អាស៊ី​ខាង​កើត ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.