ប្រទេសចិនបានពង្រីកការហាមឃាត់ការនាំចូលទឹកស៊ីរ៉ូ និងស្ករកែច្នៃទាំងអស់ពីប្រទេសថៃ បន្ទាប់ពីការធ្វើអធិការកិច្ចសុវត្ថិភាពចំណីអាហាររកឃើញថា មិនមានរោងកចក្រណាមួយក្នុងចំណោមរោងចក្រចំនួន១០ របស់ថៃ បានបំពេញតាមស្ដង់ដារដែលចិនចង់បាននោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Thai enquirer នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

បម្រាមថ្មីរបស់ប្រទេសចិនខាងលើនេះ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានរំពឹងថា នឹងបង្កឱ្យថៃខាតបង់ប្រាក់រាប់ពាន់លានបាត ហើយអាចឱ្យរោងចក្រជាច្រើន ដែលពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារចិន ប្រឈមនឹងការបិទទ្វារ។ ខណៈចិន បានដាក់បញ្ចូលផលិតផល ៤មុខទៀតទៅក្នុងបញ្ជីហាមឃាត់នាំចូលពីថៃដែលមានស្រាប់ ក្នុងនោះរួមមាន៖ ម្សៅធ្វើពីសារធាតុស្ករ និងទឹកស៊ីរ៉ូ ព្រមទាំងហាមឃាត់ការចុះបញ្ជីថ្មីសម្រាប់រោងចក្រថៃទៀតផង។


ទាក់ទិននឹងបញ្ហានេះ ប្រធានសមាគមអ្នកផលិតស្កររបស់ថៃ លោក ធុតសាផុន រឿងផាតតាណានណុន (Todsaporn Ruangpattananont) បាននិយាយថា រដ្ឋបាលទូទៅនៃគយចិន (GACC) បានត្រួតពិនិត្យរោងចក្រថៃចំនួន១០ នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ ដោយរកឃើញថា រោងចក្រទាំងអស់ខាងលើនេះមិនបានបំពេញតាមស្ដង់ដារអនាម័យ និងគុណភាពដែលចិនចង់បាននោះទេ។ បើទោះបីជាក្រុមហ៊ុននីមួយៗ បានវិនិយោគប្រាក់រាប់សិបលានបាតក្នុងការអភិវឌ្ឃន៍លើសម្ភារៈបរិក្ខារផ្សេងៗ ដើម្បីបម្រើការដល់ការផលិតក៏ដោយ។ ជាលទ្ធផល រោងចក្រថៃជាច្រើនមិនអាចនាំចេញទឹកស៊ីរ៉ូ ឬម្សៅផលិតពីសារធាតុស្ករទៅកាន់ប្រទេសចិនទៀតឡើយ ហើយមានតែបរិមាណស្ករសុទ្ធមួយចំនួនប៉ុណ្ណោះ ត្រូវបានអនុញ្ញាឱ្យនាំចេញទៅកាន់ចិន ក្រោមកូតាដែលបានកំណត់។

ត្បិតថាប្រធានសមាគមផលិតស្កររបស់ថៃ បានលើកឡើងពីអ្វី៏ដែលរោងចក្រថៃ បានប្រឹងប្រែងដាក់ទុនវិនិយោគ ដើម្បីពង្រឹងសមត្ថភាពគុណភាពក្ដី ប៉ុន្តែយើងបានដឹងច្បាស់ហើយថា ប្រទេសចិន គឺជាប្រទេសមួយដែលមានកម្រិតស្ដង់ដារលើការនាំចូលពាក់ព័ន្ធនឹងអាហារតឹងរឹងបំផុត ដូច្នេះប្រសិនបើរោងចក្រថៃពិតជាបានកែច្នៃនិងពង្រឹងគុណភាពផលិតផលដូចការលើកឡើងមែនទែននោះ ប្រហែលជាមិនមានការពង្រីកការដាក់បម្រាមបន្ថែមពីសំណាក់គយចិនមកលើផលិតផលថៃបន្ថែមនោះឡើយ ហេតុនេះការលើកឡើងរបស់ប្រធានសង្គមខាងលើគឺគ្រាន់តែធ្វើឡើងដើម្បីលុបលាងកេរ្តិ៍ឈ្មោះមិនល្អរបស់ផលិតផលនាំចេញលើឆាកអន្តរជាតិប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតកន្លងៗមកក៏ធ្លាប់មានទំនិញ ផលិតផល និងផ្លែឈើថៃ ដូចជាផ្លែទុរេនស្រស់ជាដើម ដែលមិនត្រូវស្ដង់ដារសុវត្ថិភាពក៏ត្រូវបានគយចិនហាមឃាត់មិនឱ្យនាំចូលទៅលក់នៅក្នុងប្រទេសចិនផងដែរ។



សូមជម្រាបថា កាលពីខែឆ្នូ ឆ្នាំ២០២៤ ចិនក៏បានដាក់បម្រាមលើការនាំចូលទឹកស៊ីរ៉ូ និងម្សៅផលិតពីសារធាតុស្ករពីថៃផងដែរ ដែលនៅពេលនោះការខាតបង់ត្រូវបានវាយតម្លៃថាមានប្រហែល ៥០ពាន់លានបាត និងជំរុញឱ្យតម្លៃស្ករធ្លាក់ចុះ៕

