កំពង់ធំ÷ ផ្សារផលិតផលខ្មែរខេត្តកំពង់ធំ បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករខ្មែរយើង នៅក្នុងខេត្តកំពង់ធំ មានលក់នៅរៀងរាល់ថ្ងៃសុក្រ-សៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង០៦៖០០ នាទីព្រឹក ដល់ម៉ោង ៦ល្ងាច នៅសួនស្ទឹងសែន ខេត្តកំពង់ធំ។

ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំផលិតផលខ្មែរ ដាំដុះដោយកូនខ្មែរ កែច្នៃដោយកូនខែ្មរ ផលិតដោយកូនខ្មែរ បាននិងកំពុងដាក់លក់ ក្នុងស្តង់ផ្សារកសិផលខេត្តកំពង់ធំផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល លើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែប្រសើរឡើង។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

អត្ថបទ÷កំពង់ធំ

Share.