ខេត្តព្រះវិហារ៖ យោងតាមសារដែលបង្ហោះដោយឯកឧត្តម លី ធុច អនុប្រធានទី១ នៃអាជ្ញាធរមីនៅថ្ងៃទី ២៧ តុលានេះ មានករណីផ្ទុះគ្រាប់បែកចង្កោម ដែលបន្សល់ទុកពីជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាពេលថ្មីៗនេះ បានកើតឡើងយ៉ាងសោកសៅនៅភូមិបង្គោលលេខ ៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បណ្តាលឲ្យកុមារា សឿន សុវណ្ណ អាយុ ១០ ឆ្នាំ បានស្លាប់បាត់បង់ជីវិត និងឪពុករបស់កុមារា ឈ្មោះ សៀន ស៊ុន រងរបួសធ្ងន់។ បច្ចុប្បន្ន ជនរងគ្រោះជាឪពុកកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ១៦ មករា ខេត្តព្រះវិហារ។



ឯកឧត្តម លី ធុច បានសម្តែងនូវការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះគ្រោះថ្នាក់នេះ និងបានពាំនាំនូវសេចក្តីអាឡោះអាល័យ និងការសោកស្តាយជាពន់ពេកពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ទៅកាន់ក្រុមគ្រួសារជនរងគ្រោះ។
អនុប្រធានទី១ នៃអាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។
ជាមួយគ្នានេះ ឯកឧត្តមណែនាំឲ្យប្រតិបត្តិករសកម្មភាពមីន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវហានិភ័យទាំងឡាយណា ដែលអាចបង្កគ្រោះថ្នាក់ជាយកថាហេតុណាមួយដល់ប្រជាពលរដ្ឋ ជាពិសេសកុមារាកុមារី។
ជម្លោះប្រដាប់អាវុធរយៈពេល៥ថ្ងៃ កាលពីខែកក្កដា ២០២៥កន្លងទៅ បង្កឡើងដោយមហិច្ឆតាឈ្លានពានរបស់ថៃ កងទ័ពថៃបានប្រើគ្រាប់បែកចង្កោមបាញ់ស្រោចមកលើដែនដីរបស់កម្ពុជា ដែលបានបន្សល់ទុកនូវកូនគ្រាប់បែកបរិវាតូចៗជាច្រើនគ្រាប់មិនទាន់ផ្ទុះ ហើយកូនគ្រាប់បែកទាំងនោះអាចធ្លាក់ជាប់នៅលើដំបូលផ្ទះ ដើមឈើ និងក្នុងទឹកជាដើម។ សូមជម្រាបថា គ្រប់បែកចង្កោមជាប្រភេទគ្រាប់យុទ្ធភណ្ឌដែលត្រូវបានហាមឃាត់ការប្រើប្រាស់ដោយច្បាប់អន្តរជាតិ៕



