ភ្នំពេញ ៖ រថយន្តបែកដឹកថ្មមួយគ្រឿង ហ្វ្រាំងមិនទាន់ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងបើកឆ្លងផ្លូវ បណ្តាលឱ្យកៀបជាប់អ្នកបើកបរ ជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ត្រូវបានកងសង្គ្រោះអង្គភាព៧១១ ចេញទៅវះ កាត់ ហែករថយន្ត កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិត្រពាំងវែង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ភាគីខាងរថយន្តបែន ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ដឹកថ្ម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2272 បើកបរដោយឈ្មោះ ឆាំ បារាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ មានទីលំនៅភូមិស្រោមដែក ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសបាក់ជើងស្តាំ ។

ចំណែកភាគីខាង រថយន្តកុងតឺន័រ ម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-9969 អូសសណ្តោងរុឺម៉កដឹកកុងតឺន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-0456 អ្នកបើកបរគេចខ្លួនបាត់ ។តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីរថយន្តបែនបើកពីលិចទៅកើត ដល់ចំណុចកើតហេតុ ហ្រ្វាំងមិនទាន់ ជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រកំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង បត់ឆ្ពោះទៅលិច បណ្តាលឱ្យកៀបរួញកាប៊ីនរថយន្តបែន ជាប់អ្នកបើកបរ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងរបួសខណៈដែលកៀបជាប់ក្នុងកាប៊ីន ត្រូវបានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញទៅវះ កាត់ ហែក កាប៊ីនរថយន្តដើម្បីយកចេញ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែករថយន្តទាំង២គ្រឿងត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.