បាត់ដំបង÷ ស្ត្រីចំណាស់ម្នាក់ដែលសត្វចចកបានខាំកាលពីដើមខែតុលាបានស្លាប់ មន្ត្រីមន្ទីរពិសោធន៍បញ្ជាក់ថាដោយសារជំងឺឆ្កែឆ្កួត។
ជនរងគ្រោះបានស្លាប់នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៥នេះ ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងសភាពចុកពោះ និងក្អួតចង្អោរ។ ជនរងគ្រោះស្លាប់មានឈ្មោះធឹង ស៊ី អាយុ ៦៦ឆ្នាំ រស់នៅក្នុងភូមិទួលតាថុន ឃុំគា ស្រុកមោងឬស្សី ខេត្តបាត់ដំបង។




មន្ត្រីអាជ្ញាធរស្រុកប្រាប់ឲ្យដឹងថា÷ ជនរងគ្រោះកាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ ត្រូវសត្វចចកចេញពីព្រៃ ហើយចូលក្នុងភូមិក៏ស្រាប់តែវាដេញខាំប្រជាពលរដ្ឋកំពុងដើរបណ្តាលឲ្យរងរបួសចំនួន ៣នាក់ ក្នុងនោះស្ត្រីជនរងគ្រោះរងរបួសធ្ងន់ធ្ងរជាងគេ។ ពេលសត្វចចកខាំភ្លាមៗស្ត្រីខាងលើរួមទាំងពលរដ្ឋ ២នាក់ទៀតបានទៅព្យាបាលជាសះស្បើយ លើកលែងតែជនរងគ្រោះកើតមានអាការ:ចុកពោះ និងក្អួតចង្អោរពីតិចៗវិវឍ្ឍន៍ទៅខ្លាំង រហូតគ្រួសារបញ្ជូនមកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគទី ៥ ខេត្តបាត់ដំបង ដោយសារសភាពជំងឺកាន់តែធ្ងន់ធ្ងរទៅៗបានស្លាប់តែម្តង។


មន្ទីរពេទ្យយុទ្ធភូមិភាគ ៥ បានបង្ហាញថា ជនរងឈ្មោះធឹង ស៊ី រស់នៅក្នុងភូមិពោធិ៍ក្នុងឃុំគា ស្រុកមោងឬស្សី បានស្លាប់ដោយរោគវិនិច្ឆ័យជំងឺឆ្កែឆ្កួត។ រីឯលទ្ធផលរបស់មន្ទីរពិសោធន៍វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វក្រោយពិនិត្យវិភាគលើខួរក្បាលសត្វចចកបញ្ជាក់ថា ពិតជាមានជំងឺឆ្កែឆ្កួត៕
អត្ថបទ: ដំបងក្រញូង
