ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការយ៉ាងក្ដៅគគុក ដោយបានបំបែកសំណុំរឿងបាញ់ប្រហារដ៏សាហាវទៅលើមន្ត្រីនគរបាលខេត្តកំពង់ធំ និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមទាំងដកហូតវត្ថុតាងអាវុធបានផងដែរ។

ហេតុការណ៍បាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលជនសង្ស័យម្នាក់បានប្រើប្រាស់កាំភ្លើងម៉ាក AK47 បាញ់រះទៅលើមន្ត្រីនគរបាលចំនួន០២នាក់ បណ្ដាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ព្រមទាំងយកកាំភ្លើងខ្លីម៉ាក K59 ពីសមត្ថកិច្ចរត់គេចខ្លួនបាត់។

ក្រោយទទួលបានបទបញ្ជាពីឯកឧត្ដមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រុមការងារជំនាញដែលដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន រួមជាមួយវរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កំពង់ចាម និងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវតាមជំនាញ។

តាមរយៈការប្រើប្រាស់វិធានការជំនាញយ៉ាងសកម្ម រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញបានកំណត់ទីតាំង និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ រួមមាន៖

  1. ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ (ជនដៃដល់)
  2. ឈ្មោះ ថន សៀងហៃ ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកដឹកជនដៃដល់រត់គេចខ្លួន)

ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលក៏បានដកហូតវត្ថុតាងសំខាន់ៗផងដែរ គឺ កាំភ្លើងវែងម៉ាក AK47 មួយដើម ជាមួយបង់០១ និងគ្រាប់ចំនួន២២គ្រាប់ ដែលលាក់ទុកនៅចំណុចភូមិម្រាមទាក ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនដៃដល់ទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.