លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក។

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ដោយបានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានល្អប្រសើរ។ បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំបន្ថែម និងដាក់ចេញនូវផែនការ ការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ដោយត្រូវបន្តជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្មផុលផុស និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង រួមទាំងបទល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕

Share.