ព្រះខ័នរាជស្វាយរៀង កក់កៅអីវគ្គ ៨ក្រុម​ចុង​ក្រោយ និង​ជាវគ្គល​ផ្តាច់​ព្រ័ត្រ ប្រចាំ​តំបន់​អាស៊ី ខាង​កើត  នៃពានរង្វាន់ AFC Challenge League ២០២៥-២៦ Group Stage វគ្គចែកពូល (តំបន់ខាងកើត) ក្រោយ​ធ្វើ​បាន​យ៉ាង​ល្អ​ ដោយ​ឈ្នះ​ ២ប្រកួត​ជាប់​គ្នា ពូល D ស្របពេល​នៅ​សល់​តែ១ប្រកួត ទៀតប៉ុណ្ណោះ​ ត្រូវ​ជួប​ក្រុម  Manila Digger របស់​ហ្វីលីពីន ដើម្បី​កាត់​សេចក្ដី​រក​ក្រុម​ឈរកំពូលតារាង។

ងាក​មក​ភ្នំពេញ​ក្រោន​វិញ ក៏​ធ្វើ​បាន​យ៉ាង​ល្អ​ដែរ ដោយ​ឆ្លង​កាត់​២ ប្រកួត​ដូច​គ្នា ស្មើ​១ ជាមួយ​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី​ Dewa United និង​ឈ្នះ១ លើក​ក្រុម Shan United របស់​មីយ៉ាន់​ម៉ា ដោយ​ធ្វើ​ការ​វាយ​បក​បាន​យ៉ាង​ល្អ​ ក្នុង​លទ្ធផល ៣-១ នៅ​ឈរ​លេខ២ ក្នុង​ពូល E។

តារាង​ចំណាត់​ថ្នាក់​ពូល D ដែល​មាន​ព្រះខ័នរាជស្វាយរៀង ជាម្ចាស់​ផ្ទះ រួម​មាន៖

  • ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ឈ្នះ២ មាន ៦ពិន្ទុ
  • Manila Digger FC របស់ហ្វីលីពីន ឈ្នះ២ មាន ៦ពិន្ទុ
  • SP Falcons របស់ម៉ុងហ្គោលី ចាញ់២ មាន ០ពិន្ទុ
  • Ezra FC របស់ឡាវ ចាញ់២ មាន ០ពិន្ទុ។

ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Manila Digger FC របស់ហ្វីលីពីន ប៉ះ ព្រះខ័នរាជស្វាយរៀង ម៉ោង ៧:០០ នាទីយប់ ខណៈការប្រកួតទាំង ៣របស់ព្រះខ័នរាជស្វាយរៀង គឺធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ដោឡែក​សម្រាប់​ពូល E ដែល​មានភ្នំពេញក្រោន ក្រោយ​ស្មើ ១-១ ជាមួយម្ចាស់​ផ្ទះ Dewa United៖

  • Dewa United របស់ឥណ្ឌូណេស៊ី ឈ្នះ១ ស្មើ១ មាន ៤ពិន្ទុ
  • ភ្នំពេញក្រោន របស់កម្ពុជា ឈ្នះ១ ស្មើ១ មាន ៤ពិន្ទុ
  • Tainan City FC របស់តៃវ៉ាន់ ឈ្នះ១ ចាញ់១ មាន ៣ពិន្ទុ
  • Shan United របស់មីយ៉ាន់ម៉ា ចាញ់២ មាន ០ពិន្ទុ។

ថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៥ Tainan City របស់តៃវ៉ាន់ ប៉ះ ភ្នំពេញក្រោន ម៉ោង ៣:០០នាទីរសៀល ខណៈការប្រកួតទាំង៣របស់ភ្នំពេញក្រោន ធ្វើឡើងនៅ កីឡដ្ឋាន Indomilk Arena។

គួរបញ្ជាក់ថា កម្មវិធីប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ បានចាប់​ផ្ដើម​កាលពី​ថ្ងៃទី២៥ តុលា សម្រាប់តំបន់​អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់​តំបន់អាស៊ី​ខាង​កើត ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ៕

Share.