តាមការផ្សព្វផ្សាយនិងវាយតម្លៃពីគេហទំព័រ Compare the Market បានលើកឡើងថា ក្នុងចំណោម ១០ ទីក្រុងនិងខេត្តទេសចរណ៍ជុំវិញពិភពលោក ក្នុងនោះប្រទេសថៃដែលមានខេត្ត ភូកេត និង ផាត់តាយ៉ា ជាប់លំដាប់ទី ៨ និងទី ៩ នៅលើកំពូលតារាងជាខេត្តទេសចរណ៍នៅថៃដ៏គួរឱ្យភ័យខ្លាចរឿង លូកកាបូប និងឧក្រិដ្ឋកម្មឆបោកតាម​អនឡាញ​ ដែលភ្ញៀវទេសចរអន្តរជាតិទាំងអស់គួរដឹង​និងប្រុងប្រយ័ត្នខ្លួនជាមុន។

នៅក្នុងនោះគេហទំព័រមួយនេះបានផ្សាយថា នៅលេខរៀងទី ៩ ខេត្ត ប្រទេសថៃ ដែលមានឈ្មោះល្បីល្បាញថាមានឆ្នេរខ្សាច់សក្បុស និងមានកន្លែងកម្សាន្តសប្បាយពេលរាត្រី ទើបធ្វើឱ្យខេត្តទេសចរណ៍មួយនេះមានរបាយការណ៍លើកឡើងអំពីករណីឆបោកតាមអនឡាញមានពិន្ទុចំនួន ៤.១៤ ដងក្នុងចំណោមការស្ទង់មតិ ១,០០០ មតិ និងមានករណីចោរលូកកាបូបទទួលបាន ៤០.៥២ នៃពិន្ទុសរុប។ ការសិក្សានេះបានកត់សម្គាល់ថា ការឆបោកមានច្រើនករណីជាងចោរលួច ឬប្លន់ដោយប្រើកម្លាំងនៅទីនេះ ជាពិសេសការឆបោកតាមរយៈ ការគិតថ្លៃលើស (overcharging) ការឆបោកទំនុកចិត្តតាមរយៈសកម្មភាពជនប្លែកមុខបន្លំជាមានចិត្តជួយដល់ភ្ញៀវទេសចរ (unsolicited tours) ជាដើម។

មិនតែប៉ុណ្ណោះ នៅលេខរៀងបន្ទាប់គឺទី ៨ បានសំដៅទៅដល់ខេត្ត ផាត់តាយ៉ា ដែលរបាយការណ៍នោះបានបង្ហាញថា មនុស្សភាគច្រើនបានស្គាល់ខេត្តនោះជាកន្លែងពោរពេញដោយសេវាកម្មផ្លូវភេទនិងការកម្សាន្តពេលរាត្រី ប៉ុន្តែត្រូវបានភ្ញៀវទេសចរវាយតម្លៃខ្ពស់ទៅលើសកម្មភាពលូកកាបូប ទទួលបានពិន្ទុ៤៤.៤៣ និងការឆបោកមានពិន្ទុ ៣.១ ក្នុងចំណោមការស្ទង់មតិ ១,០០០ មតិ។ អ្នកលក់ដូរតាមដងផ្លូវ និងប្លក់កម្សាន្តពេលរាត្រី គឺជាកន្លែងទាក់ទាញពួកឆ្លៀតឱកាស ដែលភ្ញៀវទេសចរគួរតែប្រុងប្រយ័ត្នទ្រព្យសម្បត្តិដែលមានតម្លៃ។

គួររំលឹកថា តំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅទីក្រុងបាងកក ដូចជា នៅតំបន់ ព្រះបរមរាជវាំង ក័ត្រូវបានសម្គាល់ថា ជាទីតាំងដ៏អាក្រក់បំផុតក្នុងពិភពលោក សម្រាប់ឧក្រិដ្ឋកម្មទេសចរណ៍ ដោយអ្នកទេសចរជាង ១,០០០នាក់ បានលើកឡើងអំពី ការឆបោក និងការឆក់ ឬលួចបន្លំផ្សេងៗ។ លើសពីនេះ នៅតាមទីតាំងទេសចរណ៍សំខាន់ៗផ្សេងទៀតក៏ក្លាយជាទីតាំងអសន្ដិសុខសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ៕

Share.