ភ្នំពេញ ៖ រថយន្តដឹកទំនិញមួយគ្រឿង ដឹកធុងជ័រសំពីងសំពោងគ្មានសណ្តាប់ធ្នាប់ បើកចុះពីលើស្ពានអាកាសទាក់របាដែកស្ពាន បណ្តាលឱ្យធ្លាក់ធុងជ័ររាយប៉ាយពេញផ្លូវ បង្កឱ្យរាំងស្ទះចរាចរណ៍ រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រេចបិទផ្អាកចរាចរណ៍ផ្លូវពាក់ព័ន្ធត្រូវឆ្លងកាត់មួយចំនួនជាបណ្តោះអាសន្ន ។




ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចស្ពានអាកាសមរតកតេជោ ជាប់ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ទ្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8951 ដឹកធុងជ័រសំពីងសំពោង គ្មានសណ្តាប់ធ្នាប់ បើកឡើងស្ពានអាកាស ចុះចុះមកវិញស្រាប់តែទាក់ នឹងរបាដែកកាត់ទទឹងស្ពាន ដោយសារការដឹកដាក់ខ្ពស់ពេក ខណៈដែលរបាដែកកម្ពស់ត្រឹម៣.៦ម៉ែត្រ ទើបបណ្តាលឱ្យធ្លាក់ធុងជ័ររាយប៉ាយពេញផ្លូវ បង្កឱ្យរាំងស្ទះចរាចរណ៍ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រេចបិទចរាចរណ៍ជាបណ្តោះអាសន្ន មកពីផ្លូវ៦០ម៉ែត្រ , មកពី ផ្លូវ២៧១ , មកពីផ្លូវព្រះនរោត្តម និងផ្លូវមកពីខាងច្បារអំពៅ ពន្លឿនរៀបចំសណ្តាប់ធ្នាប់ រើសធុងពីដងផ្លូវចេញ ដើម្បីឱ្យបានធ្វើចរាចរណ៍ឡើងវិញ ៕






