តាមសារព័ត៌មាន The Nation Thailand បានចេញផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិន ២០ នាក់នៅខេត្តឈៀងម៉ៃ ពីបទប្រតិបត្តិការបោកប្រាស់តាមទូរស័ព្ទដែលកំណត់គោលដៅលើប្រទេសចិន ។
សារព័ត៌មានដដែលបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប៉ូលិសបាន វាយឆ្មក់ ចូលវីឡាអាងហែលទឹកប្រណីតមួយនៅក្នុងខេត្តឈៀងម៉ៃ ហើយបាន ចាប់ខ្លួនជនជាតិចិន ១០ នាក់ ដែលត្រូវបានគេសង្ស័យថាធ្វើការឱ្យក្រុមបោកប្រាស់តាមទូរស័ព្ទ ដែលប៉ូលិសធ្លាប់បានបង្ក្រាបពីរលើករួចមកហើយ។

ប្រតិបត្តិការវាយឆ្មក់នេះត្រូវបានធ្វើឡើងដោយមន្ត្រីមកពីស្នងការដ្ឋាននគរបាលខេត្តប្រចាំតំបន់ទី ៥ នៅឯវីឡាមួយកន្លែងដែលស្ថិតនៅតាមមាត់ ទន្លេពីង ក្នុងសង្កាត់ដុនកែវ ស្រុកម៉ែរីម។ ប្រតិបត្តិការនេះចាប់បានបុរសជនជាតិចិន ១៤ នាក់ និងស្ត្រី ៦ នាក់។ ស្ត្រីម្នាក់បានបាក់ដៃ ខណៈពេលដែលនាងព្យាយាមរត់គេចខ្លួន។
នៅពេលប៉ូលិសទៅដល់ ជនសង្ស័យប្រមាណ ១០ នាក់ បានរត់គេចខ្លួន និងលាក់ខ្លួននៅក្នុងព្រៃក្បែរនោះ។ ផ្ទះវីឡានេះត្រូវបានបំពាក់ដោយ កាមេរ៉ាសុវត្ថិភាព (CCTV) ដើម្បីតាមដានការមកដល់របស់មនុស្សខាងក្រៅ។ ប៉ូលិសបាន រឹបអូសស្មាតហ្វូនជាង ១០០ គ្រឿង និងស៊ីមកាតជាច្រើនក្នុងអំឡុងពេលវាយឆ្មក់។
ស្នងការដ្ឋាននគរបាលខេត្តប្រចាំតំបន់ទី ៥ បានបញ្ជាក់ថា ក្រុមបោកប្រាស់នេះទំនងជាក្រុមដដែលដែលការិយាល័យរបស់លោកធ្លាប់បានបង្ក្រាបពីមុន។ ការវាយឆ្មក់លើកទីមួយបានធ្វើឡើងនៅថ្ងៃទី ១ ខែកក្កដា ដោយប៉ូលិសបានចាប់ខ្លួនជនសង្ស័យនៅផ្ទះមួយក្នុងសង្កាត់វ៉ែន ស្រុកហាងដុង។ ការវាយឆ្មក់លើកទីពីរបានកើតឡើងនៅថ្ងៃទី ៣០ ខែកក្កដា នៅឯវីឡាអាងហែលទឹកមួយក្នុងបានណងផ្លាម៉ាន សង្កាត់ហួយសៃ ស្រុកម៉ែរីម។
មន្ត្រីនគរបាលពីស្នងការដ្ឋាននគរបាលខេត្តប្រចាំតំបន់៥ បានពន្យល់ថា បន្ទាប់ពីការបង្ក្រាបទាំងនេះ មេខ្លោងជនជាតិចិនរបស់ក្រុមនេះបាន ផ្លាស់ប្តូរទីតាំងប្រតិបត្តិការ ទៅកាន់វីឡាដែលត្រូវបានវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍។ ជនដែលត្រូវបានចាប់ខ្លួនបានឆ្លើយបំភ្លឺថា ពួកគេបាន ជួលផ្ទះ នេះរយៈពេលពីរខែ ដោយមេខ្លោងជនជាតិចិនបានបង់ថ្លៃឈ្នួល 120.000 បាត ឬ 3,450 ដុល្លារអាមេរិក$$ ក្នុងមួយខែ។
ពួកគេបាននិយាយថា ពួកគេទទួលបានប្រាក់ខែចន្លោះពី 100.000ទៅ 200.000 បាត ឬ 2,700- 2,900 ដុល្លារអាមេរិកក្នុងមួយខែដើម្បីបោកបញ្ឆោតជនជាតិចិនដូចគ្នាដែលរស់នៅក្នុងប្រទេសចិនតាមរយៈទូរស័ព្ទ។ ជនសង្ស័យបានចូលមកក្នុងប្រទេសដោយប្រើ ទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការសិស្ស។
ប្រសិនដូចអ្វីដែលមន្ត្រីនគរបាលថៃ លើកឡើងពីខាងលើនេះ នោះបានសេចក្ដីថាការបង្ក្រាបរបស់ពួកមន្ត្រីនគរបាលថៃ ដែលបានថតផ្សព្វផ្សាយកន្លងៗ មកនៅតាមទូរទស្សន៍ ឬបណ្ដាញសារព័ត៌មានថៃ នោះគឺគ្រាន់តែធ្វើឱ្យល្អមើល ឬអាចនិយាយបានថា រៀបចំចាត់ឆាកសម្ដែង ដើម្បីលាងខ្លួន ប៉ុន្តែជាក់ស្ដែង ក្រុមឧក្រិដ្ឋជនទាំងនោះនៅតែបន្តធ្វើសកម្មភាពបោកប្រាស់តាមទូរស័ព្ទដោយបោះទីតាំងនៅក្នុងប្រទេសថៃជាដដែល មិនបានផ្លាស់ប្ដូរទៅកាន់ប្រទេសណាផ្សេង ដូចដែលថៃ តែងតែបង្កាច់បង្ខូចមកលើប្រទេសកម្ពុជានោះឡើយ។
ក្រៅពីទូរទស្សន៍ធំៗនិងល្បីៗកម្រិតពិភពលោកដូចជា CNA , BBC, Reuters បានចេញរបាយការណ៍បង្ហាញថាថៃ គឺជាមជ្ឈមណ្ឌលឆបោកអនឡាញ ឬ Online Scam ដ៏ធំកម្រិតពិភពលោកហើយនោះ សូម្បីតែអតីតពិរុទ្ធជនគ្រឿងញៀនធ្លាប់ជាប់ពន្ធនាគារនៅប្រទេសអូស្ត្រាលី និងបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ធម្មម៉ាណាត់ ព្រហ្មផៅ ក៏ត្រូវបានអនុប្រធានបក្សប្រឆាំង និងបណ្ដាសមាជិកបក្សប្រឆាំង ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន អនឡាញ នៅក្នុងការជជែកដេញដោលក្នុងសភាថៃផងដែរ៕

