សាត់ពោធិ៍សាត់÷ ពួជបង្កងនិង កូនត្រី៨ ម៉ឺនក្បាលត្រូវបានព្រលែងចូលទៅក្នុងជំរកត្រីសហគមន៍នេសាទបឹងដំណាក់ក្រាញ់សំដៅការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានមច្ឆាជាតិឲ្យកាន់តែសម្បូរឡើង។ពិធីនេះធ្វើឡើងនៅបឹងដំណាក់ក្រាញ់ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី 31 ខែតុលាឆ្នាំ 2025នេះ។

លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា បង្កងចំនួន៥មុឺនក្បាលនិងកូនត្រីចំនួនប្រមាណ ៣មុឺនក្បាល ជាប្រភេទកូនត្រីស្ពិននិងត្រីព្រលួងដែលបានលែងចូលបឹងជំរកត្រីសហគមន៍ដំណាក់ក្រាញ់ក្នុងពេលនេះ គឺដើម្បីបង្កើនផលស្តុកធម្មជាតិ ក្នុងបឹងជម្រកត្រីធម្មជាតិ ឲ្យសម្បូរហូរហៀរឡើងវិញ ជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងតំបន ត្រីធម្មជាតិ ក៏ដូចក្នុងខេត្តពោធិ៍សាត់យើង។

លោកបានបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានសហគមន៍នេសាទចំនួន៣៥ ដែលបានបង្កើតឡើងក្នុងក្រុង-ស្រុកទាំង០៧ និងមានទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលសហគមន៍ទាំងអស់គឺបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានជលផលនៅក្នុងខេត្ត។

ដោយឡែកចំពោះការអភិរក្សធនធានជលផល មកដល់បច្ចុប្បន្ននេះ កន្លែងអភិរក្សជលផលក្នុងខេត្តពោធិ៍សាត់មាន ៦កន្លែង លើផ្ទៃដីសរុប២២.៩៥០ហិកតា និងបានបង្កើតស្រះជម្រកត្រីបាន ចំនួន ៣៣កន្លែង។ ហើយផលនេសាទទឹកសាបក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ សម្រេចបានចំនួន ៣១.៦០០តោន មានការ កើនឡើងជាង ១.២០០តោន បើធៀបនឹងឆ្នាំ២០២៤ និងទទួលបានផលពីវារីវប្បកម្ម/ចិញ្ចឹមត្រី(តាមស្រះ និង តាមបែរ ចំនួន១៣.០៤២តោនផងដែរ។

លោកលឹមសុខតូអភិបាលរងតំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា  ការព្រលែងពូជបង្កងនិងកូនត្រីចូលទៅក្នុងបឹងជំរកត្រីសហគមន៍ ដំណាក់ក្រាញ់គឺផ្នែកមួយដើម្បីផ្សព្វផ្សាយបំផុសប្រជាពលរដ្ឋឱ្យ ចូលរួមការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផលដើម្បីផលប្រយោជន៍សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។លោកបានបញ្ជាក់ថាបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាននិងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ និងផែនការ អភិវឌ្ឍន៍វិស័យកសិកម្មដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការធានា សន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកស្ទួយជីវភាពប្រជាកសិករប្រកបដោយនិរន្តភាព កសិកម្ម បរិស្ថាន និងសេដ្ឋកិច្ច ដោយសម្រេចបានលទ្ធផលជាច្រើនគួរជាទីមោទន។

ឯកឧត្តម ណៅ ធួក សមាជិករដ្ឋសភាមណ្ឌលកំពង់ចាមបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចាត់ទុកការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ការធ្វើអាជីវកម្មទៅនឹងការអភិរក្សជលផល ការធ្វើវារីវប្បកម្ម និងការពារបរិស្ថាន គឺជាបញ្ហាដែលមានសារៈសំខាន់ និងមានតម្លៃបំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀតជាច្រើន។

ដូច្នេះ ត្រូវប្តេជ្ញារួមគ្នាការពារ អភិរក្ស និងគ្រប់គ្រងធនធាន ផលផល ធម្មជាតិដែលមានតម្លៃធំធេងនេះឱ្យខាងតែបាន ដើម្បីរក្សាជាកេរ្តិ៍ដំណែលដល់កូនចៅយើងតទៅមុខទៀត។សូមបញ្ជាក់ថាពូជបង្កងចំនួន ៥ ម៉ឺនក្បាលឧបត្ថម្ភដោយឯកឧត្តមណៅធួកនិងកូនត្រីចំនួន ៣ ម៉ឺនក្បាល បានមកពីខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់៕

អត្ថបទ÷ពោធិ៍សាត់

Share.