ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានលើកឡើងនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ថា លោកបានបើកភ្លើងខៀវឱ្យសាធារណរដ្ឋកូរ៉េសាងសង់នាវាមុជទឹកដែលប្រើប្រាស់ដោយថាមពលនុយក្លេអ៊ែរ នោះក៏ព្រោះតែជាការទទួលស្គាល់ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលគឺជាផ្នែកមួយដ៏សំខាន់ក្នុងចំណោមប៉ុន្មានប្រទេសផ្សេងទៀតដែលបានគ្រប់គ្រងនាវាមុជទឹកប្រភេទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkokbiznews។

ដោយឡែកទីភ្នាក់ងារព័ត៌មានរ៉យទ័ររ៍បានរាយការណ៍ថា លោក ត្រាំ និងលោកប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លី ជេម្យ៉ង់ បានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏តានតឹងមួយនៅក្នុងកិច្ចប្រជុំ APEC នៅកូរ៉េខាងត្បូង នៅថ្ងៃទី ២៩ តុលា ដោយលោក លី ជេម្យ៉ង់ បានស្នើសុំការអនុញ្ញាតពីសហរដ្ឋអាមេរិកដើម្បីឱ្យកូរ៉េខាងត្បូងអនុវត្តលើការកែច្នៃឡើងវិញនូវសារធាតុឥន្ធនៈនុយក្លេអ៊ែរដែលប្រើរួច។

ប្រធានាធិបតីសាធារណរដ្ឋកូរ៉េរូបនេះ ក៏បានស្នើសុំការគាំទ្រពីលោក ត្រាំ បន្តទៀត ដើម្បីអនុវត្តសកម្មភាពសំខាន់ៗដូចជា ការគាំទ្រលើការបង្កើនកម្រិតអ៊ុយរ៉េនីញ៉ូមដែលបច្ចុប្បន្នត្រូវបានហាមឃាត់ និងមានរបាំងក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសទាំងពីរ បើទោះបីជាសាធារណរដ្ឋកូរ៉េមានរោងចក្រប្រតិកម្មនុយក្លេអ៊ែរសម្រាប់ផលិតថាមពលក៏ដោយ។

ជាការឆ្លើយតប លោក ត្រាំ ក៏បានប្រកាសជាផ្លូវការនៅលើបណ្ដាញទំនាក់ទំនងសង្គមនាពេលថ្មីៗនេះថា លោកបានអនុម័តឱ្យសាធារណរដ្ឋកូរ៉េសាងសង់នាវាមុជទឹកដែលប្រើប្រាស់ដោយថាមពលនុយក្លេអ៊ែរ ជំនួសឱ្យនាវាមុជទឹកដែលប្រើប្រាស់ដោយម៉ាស៊ូតចាស់ៗកំពុងមាននាពេលបច្ចុប្បន្ននេះ ព្រោះមានបានជួយបង្កើនលទ្ធភាពលឿនរហ័សជាមុន។ រីឯក្រសួងឧស្សាហកម្មសាធារណរដ្ឋកូរ៉េវិញបានលើកឡើងថា មន្ត្រីពាក់ព័ន្ធមិនបានចូលរួមក្នុងការពិភាក្សាដ៏លម្អិតអំពីការសាងសង់នាវាមុជទឹកនោះនៅឯទីក្រុងហ្វីឡាដិលហ្វៀឡើយ។

ទោះបីជាសាធារណរដ្ឋកូរ៉េមានឧស្សាហកម្មសាងសង់នាវាដ៏ស្មុគស្មាញក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ឱ្យច្បាស់លាស់ទេថា បច្ចេកវិទ្យាលើការបញ្ជានាវាមុជទឹកនុយក្លេអ៊ែរទាំងនោះនឹងមកពីណាឡើយ ស្របពេលដែលបច្ចុប្បន្ននេះមានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលកាន់កាប់នាវាមុជទឹកប្រភេទនេះនៅក្នុងដៃ៕

Share.