អ្នកយកព័ត៌មានពីគណបក្សភឿថៃ បានរាយការណ៍នៅថ្ងៃទី ៣១ ខែតុលា ថា គណបក្សនេះបានរៀបចំ កិច្ចប្រជុំធំវិសាមញ្ញប្រចាំឆ្នាំ ដើម្បី ជ្រើសតាំងប្រធានបក្ស និងគណៈកម្មាធិការប្រតិបត្តិបក្សថ្មី បន្ទាប់ពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ អតីតប្រធានបក្ស បានលាលែងពីតំណែង។

បរិយាកាសនៅក្នុងកិច្ចប្រជុំគឺមានភាព អ៊ូអរ ដោយមេដឹកនាំ និងសមាជិកគណបក្សភឿថៃជាច្រើនបានអញ្ជើញចូលរួមយ៉ាងព្រមព្រៀងគ្នា ដូចជា៖ លោកស្រី ផែថងថាន ខ្លួនឯង, លោក សុរិយា ជឹងរុងរឿងកិច្ច អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ (ក្នុងនាមជានាយកបោះឆ្នោតរបស់បក្សភឿថៃ) លោក ភូមិថាំ វេតឆៈយ៉ាឆៃ អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ប្រាសើត ច័ន្ទថៈរឿងថង អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឌីជីថលដើម្បីសេដ្ឋកិច្ចនិងសង្គម, លោក ស៊ុមសាក់ ថេបស៊ុទ្ធិន អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ជុនផាន់ អមៈរៈវិវឌ្ឍន៍ អតីតរដ្ឋមន្ត្រីជួយការក្រសួងហិរញ្ញវត្ថុ។
អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចប្រជុំថ្ងៃនេះគឺលោក វរ៉ាថេប រ៉ាត់តៈណាគន អតីតរដ្ឋមន្ត្រីប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រីក្នុងសម័យរដ្ឋាភិបាលលោកស្រី អតីតនាយករដ្ឋមន្ត្រី យិងឡាក់ ជិនណាវ៉ាត់ ដែលធ្លាប់បានផ្លាស់ទៅនៅជាមួយគណបក្ស ផាឡាំងប្រាឆារ៉ាត់ ក្នុងសម័យរដ្ឋាភិបាលលោកឧត្តមសេនីយ៍ ប្រយុទ្ធ ច័ន្ទអូចា អតីតនាយករដ្ឋមន្ត្រី បានធ្វើដំណើរមកដល់ទីស្នាក់ការគណបក្សភឿថៃនៅថ្ងៃនេះដែរ។

លោក វរ៉ាថេប បានថ្លែងថា ថ្ងៃនេះលោកគ្រាន់តែមក ជួបសំណេះសំណាល និងជួបអ្នកធំៗក្នុងបក្ស ប៉ុណ្ណឹងទេ ហើយមិនបានចូលរួមកិច្ចប្រជុំនោះទេ។ លោកនឹងណាត់ជួបដើម្បី ចុះឈ្មោះចូលជាសមាជិកបក្សម្តងទៀត នៅពេលក្រោយ។ បច្ចុប្បន្នលោកមាន តំណាងរាស្រ្ត ខេត្តកំពែងពេជ្រ ចំនួន ២ រូប មកពីគណបក្សផាឡាំងប្រាឆារ៉ាត់ ដែលនៅជាមួយលោក ហើយលោកបានជជែកជាមួយលោកឧត្តមសេនីយ៍ ប្រាវិត វង្សស៊ូវណ្ណ ប្រធានគណបក្សផាឡាំងប្រាឆារ៉ាត់ រួចហើយ៕


