ព្រះសីហនុ៖ ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធនឹងអំពើឆបោកតាមបច្ចេកវិទ្យា (គ.ល.ក.) និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្ត និងមន្ទីរការងារខេត្ត ដឹកនាំនិងសម្របសម្រួលនីតិវិធីដោយ លោក ឈីវ អិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចុះផ្អាក និងបិទអាជីវកម្ម (Seal) កាស៊ីណូចំនួន ៤ នៅក្នុងខេត្តព្រះសីហនុ។

ការចុះបិទនេះធ្វើឡើងអនុលោមតាមបទបញ្ជា លេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្អែកលើសេចក្តីសម្រេចរបស់ គ.ល.ក. ដូចខាងក្រោម៖
១. សេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ តុលា ២០២៥
ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក. (កាស៊ីណូ ជីន ប៉ី គ្រុប)
២. សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ តុលា ២០២៥
ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អុីស្ទេត ឯ.ក. (កាស៊ីណូ ជីន ប៉ី)
៣. សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ តុលា ២០២៥
ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក. (កាស៊ីណូ ជី.ស៊ី កាស៊ីណូ)
៤. សេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ តុលា ២០២៥
ព្យួរអាជ្ញាបណ្ណក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក. (កាស៊ីណូ ជីន ប៉ី ៤)។


កាស៊ីណូទាំង ៤ ខាងលើត្រូវបានសង្ស័យថាប្រព្រឹត្ត បទល្មើសលួចលាក់ និងបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការជាតិប្រឆាំងនឹងអំពើឆបោកតាមបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងតឹងរឹងនៅទូទាំងប្រទេស៕

Share.