វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២ ខែមីនា បានព្រមានថា ប្រតិបត្តិការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ អាចនឹងអូសបន្លាយពេលលើសពីមួយខែ ខណៈដែលជម្លោះបានរីករាលដាលដល់ការដែលអ៊ីស្រាអែលបើកការទម្លាក់គ្រាប់បែកលើប្រទេសឡេបាណូន ហើយទីក្រុងតេហេរ៉ង់បានសងសឹកដោយកំណត់គោលដៅលើទីតាំងប្រេងកាតក្នុងតំបន់ឈូងសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦។

សូរសម្លេងផ្ទុះយ៉ាងខ្លាំងក្លាបានធ្វើឱ្យរញ្ជួយកញ្ចក់បង្អួចនៅទីក្រុងតេហេរ៉ង់ កាលពីព្រលឹមថ្ងៃអង្គារនេះ ខណៈដែលយន្តហោះចម្បាំងបានហោះក្រឡឹងពីលើរដ្ឋធានីរបស់អ៊ីរ៉ង់។ ស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកបានចេញបញ្ជាឱ្យពលរដ្ឋខ្លួនទាំងអស់ ចាកចេញពីតំបន់មជ្ឈិមបូព៌ាជាបន្ទាន់ ចាប់ពីប្រទេសអេស៊ីបរហូតដល់ប៉ែកខាងកើត។

លោក ត្រាំ បានបញ្ជាក់ថា សង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ តាមរយៈការវាយប្រហារដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei គឺកំពុងដំណើរការទៅមុខយ៉ាងខ្លាំងក្លា ប៉ុន្តែអាមេរិកក៏បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ជម្លោះដ៏រ៉ាំរ៉ៃនេះផងដែរ។ ថ្លែងពីសេតវិមាន លោកបានសង្កត់ធ្ងន់ថា៖ «តាមការគ្រោងទុកដំបូង យើងគិតថាវាអាចចំណាយពេលពី ៤ ទៅ ៥ សប្តាហ៍ ប៉ុន្តែយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើបន្តឱ្យយូរជាងនេះ»។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖ ការបំផ្លាញសមត្ថភាពមីស៊ីល, កម្ទេចកងទ័ពជើងទឹក, បញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងកាត់ផ្តាច់ការគាំទ្រដល់ក្រុមប្រដាប់អាវុធក្នុងតំបន់។ ប៉ុន្ដែទោះជាយ៉ាងណា លោកមិនបានលើកឡើងពីគោលដៅផ្តួលរំលំរបបដឹកនាំទីក្រុងតេហេរ៉ង់នោះទេ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក លោក Marco Rubio បានពន្យល់ពីដើមចមនៃជម្លោះថា អាមេរិកបានសម្រេចចិត្តចូលរួម បន្ទាប់ពីទទួលបានព័ត៌មានថា អ៊ីស្រាអែលត្រៀមវាយប្រហារអ៊ីរ៉ង់។ លោកបន្តថា ដោយសារអ៊ីរ៉ង់បានត្រៀមវាយបកលើកងកម្លាំងអាមេរិកដើម្បីសងសឹកឱ្យអ៊ីស្រាអែល ទើបលោក ត្រាំ សម្រេចចិត្តវាយប្រហារ «បង្ការជាមុន» (Pre-emptive strike) រួមគ្នាជាមួយអ៊ីស្រាអែលតែម្តង។

ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីល និងដ្រូននៅទូទាំងមជ្ឈិមបូព៌ា ព្រមទាំងព្រមានថា នឹងធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ ដែលអាចបង្កជាមហន្តរាយសេដ្ឋកិច្ច។ មេទ័ពនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានយ៉ាងដាច់អហង្ការថា៖ «យើងនឹងដុតកម្ទេចរាល់នាវាណាដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz» ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងកាតដ៏សំខាន់បំផុតរបស់ពិភពលោក ហើយបើច្រកនេះត្រូវបានបិទ តម្លៃប្រេងពិភពលោកនឹងហក់ឡើងដល់កម្រិតគ្រោះថ្នាក់ផងដែរ៕

ប្រភព៖ CNA

Share.