ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យបង្កើតក្លឹបគ្រូបង្រៀននៅតាមបណ្ដាសាលា ក្នុងក្រុងពោធិ៍សាត់ ដើម្បីពង្រឹងសាមគ្គីភាព និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់លោកគ្រូអ្នកគ្រូ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូទូទាំងក្រុង និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងក្លឹបគ្រូបង្រៀន កាលពីរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំអូរចំបក់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្លឹបគ្រូបង្រៀននឹងក្លាយជាវេទិកាសម្រាប់ពង្រឹងការសហការគ្នា ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងលើកកម្ពស់ទំនុកចិត្តក្នុងការបំពេញការងារ។ ជាពិសេស ក្លឹបត្រូវមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ និងមានកញ្ចប់ថវិកាសម្រាប់ជួយអន្តរាគមន៍នៅពេលសមាជិកជួបការលំបាក។ ក្នុងនោះ ឯកឧត្តម បានលើកទឹកចិត្តឱ្យគ្រូបង្រៀននៅទាំង ៧ សង្កាត់ក្នុងក្រុងពោធិ៍សាត់ បង្កើតចលនាសាមគ្គីភាព «រួមសុខ រួមទុក្ខ» មិនទុកឲ្យអ្នកណាម្នាក់ឯកោ និងរៀបចំសកម្មភាពរួម ដូចជា ទស្សនកិច្ចសិក្សា ឬកម្មវិធីកម្សាន្ត ដើម្បីបន្ថយភាពនឿយហត់ និងបង្កើនអារម្មណ៍វិជ្ជមានក្នុងការបំពេញភារកិច្ចបង្រៀន។

ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា គ្រូបង្រៀនមិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងឱ្យសិស្សប៉ុណ្ណោះទេ ប៉ុន្តែត្រូវបណ្តុះបណ្តាលសិស្សឱ្យមានសីលធម៌ សុជីវធម៌ និងឥរិយាបថល្អក្នុងសង្គម ដើម្បីឱ្យការអប់រំទទួលបានលទ្ធផលជាវិជ្ជមាន និងអាចអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពសម្រាប់បំរើប្រទេសជាតិនៅថ្ងៃអនាគត ៕
អត្ថបទ៖ ពោធិ៍សាត់

