តម្លៃស្រូវបានក្លាយជាប្រធានបទដ៏រសើបនិងគួរឱ្យបារម្ភមួយសម្រាប់ប្រជាកសិករខ្មែរ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ ការធ្លាក់ចុះតម្លៃស្រូវម្តងហើយម្តងទៀត បានធ្វើឱ្យកសិករភាគច្រើនជួបប្រទះនូវបញ្ហាកង្វះខាតប្រាក់ចំណូល និងវិបត្តិនៃការសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុ។បញ្ហានេះ បាននាំឲ្យមានការជជែកវែកញែកយ៉ាងច្រើនទាំងតាមវេទិកាផ្លូវការនិងតាមវេទិកាលើបណ្តាញសង្គម។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺវេទិកាវែកញែកអំពីតម្លៃស្រូវពេលខ្លះ បានក្លាយទៅជាវេទិកាវាយប្រហារនិងលាបពណ៌គ្នា ឬក៏ជាវេទិកាវាយប្រហារផ្នែកនយោបាយជំនួសឲ្យការជួយស្វែងរកដំណោះស្រាយសម្រាប់ប្រជាកសិករទៅវិញ។
ហេតុអ្វីបានជាស្រូវធ្លាក់ថ្លៃ?
យោងតាមការសិកស្រាវជ្រាវនានារួមទាំងយោបល់របស់អ្នកជំនាញផ្នែកកសិកកម្មផងបានរកឃើញថា ការធ្លាក់ចុះនៃតម្លៃស្រូវនៅកម្ពុជាគឺអាចបណ្តាលមកពីកត្តាជាច្រើនយ៉ាងដែលមានដូចជា៖
១. បញ្ហាគុណភាព និងពូជស្រូវ:
- ស្រូវមិនមានគុណភាព៖ ករណីខ្លះស្រូវដែលកសិករលក់ទៅមិនមានគុណភាពខ្ពស់ ឬមានសំណើមច្រើន ដែលធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវទិញក្នុងតម្លៃទាប។
- ការប្រមូលផ្តុំលើពូជស្រូវតែមួយ៖ ការដាំដុះស្រូវប្រភេទណាមួយ (ដូចជា OM) ច្រើនហួសហេតុពេក ក្នុងពេលដំណាលគ្នានៅទូទាំងប្រទេស នាំឱ្យទិន្នផលលើសតម្រូវការទីផ្សារ និងតម្លៃធ្លាក់ចុះនៅរដូវប្រមូលផល។
២. បញ្ហាទីផ្សារ និងលទ្ធភាពប្រកួតប្រជែង:
- ការពឹងផ្អែកលើទីផ្សារប្រទេសជិតខាង៖ កម្ពុជានៅតែពឹងផ្អែកខ្លាំងលើការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង (ថៃ វៀតណាម) ជាពិសេសនៅតំបន់ព្រំដែន។ ឈ្មួញប្រទេសទាំងនោះ អាចប្រើយុទ្ធសាស្ត្រទីផ្សារដើម្បីទិញស្រូវក្នុងតម្លៃទាប ក្នុងអំឡុងពេលដែលប្រជាកសិករប្រមូលផលស្រូវក្នុងពេលតែមួយពិសេសគឺនៅពេលប្រមូលផលស្រូវរដូវវស្សា។
- ភាពប្រកួតប្រជែងតម្លៃ៖ អង្ករកម្ពុជាពិបាកនឹងប្រកួតប្រជែងតម្លៃជាមួយប្រទេសផលិតធំៗដទៃទៀត ដូចជាឥណ្ឌា ថៃ និងវៀតណាម នៅលើទីផ្សារអន្តរជាតិ។
៣. បញ្ហាចង្វាក់ផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ:
- កង្វះឃ្លាំងស្តុក និងឡសម្ងួត៖ កសិករភាគច្រើនខ្វះលទ្ធភាពរក្សាទុកស្រូវបានយូរ ឬគ្មានឡសម្ងួតត្រឹមត្រូវ ដូច្នេះពួកគេបង្ខំចិត្តលក់ស្រូវសើមទៅឱ្យឈ្មួញក្នុងតម្លៃថោកភ្លាមៗក្រោយច្រូតកាត់ ជាពិសេសនៅពេលមានភ្លៀងធ្លាក់។
- ថ្លៃដើមផលិតខ្ពស់៖ ថ្លៃជី ថ្នាំកសិកម្ម និងប្រេងឥន្ធនៈនៅតែមានតម្លៃខ្ពស់ ធ្វើឱ្យកសិករចំណាយច្រើន ហើយពេលតម្លៃស្រូវធ្លាក់ ពួកគេមិនអាចរួចថ្លៃដើមឡើយ។

តើមានវិធីសាស្ត្រសម្រាប់ដោះស្រាយបញ្ហារបស់កសិករដោយរបៀបណា?
ដើម្បីដោះស្រាយបញ្ហានេះ ក៏ដូចជាធានានូវប្រយោជន៍យូរអង្វែងដល់កសិករ ក្រុមអ្នកជំនាញបានផ្តល់យោបល់ថា រាជរដ្ឋាភិបាល វិស័យឯកជន និងកសិករផ្ទាល់ ត្រូវចូលរួមអនុវត្តន៍វិធានការសំខាន់ៗមួយចំនួន៖
១. អន្តរាគមន៍ទីផ្សារបន្ទាន់:
- ដាក់កញ្ចប់ថវិកាអន្តរាគមន៍: រាជរដ្ឋាភិបាលគួរតែបន្តអន្តរាគមន៍បន្ទាន់តាមរយៈការបញ្ចេញទុនតាម ធនាគារអភិវឌ្ឍន៍ជនបទ (RDB) ដើម្បីទិញស្រូវពីកសិករដោយផ្ទាល់ ក្នុងតម្លៃសមរម្យ។
- ជំរុញការនាំចេញ: ផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីនៃការនាំចេញ ព្រមទាំងពិចារណាកាត់បន្ថយថ្លៃអគ្គិសនី និងអនុគ្រោះពន្ធមួយចំនួនដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញ។
២. ការបង្កើនគុណភាព និងតម្លៃបន្ថែម:
- ជំរុញការប្រើប្រាស់ពូជស្រូវមានតម្លៃខ្ពស់: ជំរុញឱ្យកសិករងាកមកដាំដុះពូជស្រូវមានគុណភាពខ្ពស់ និងមានតម្រូវការទីផ្សារអន្តរជាតិ (ដូចជា ផ្ការំដួល…)តាមរយៈការផ្គត់ផ្គង់ពូជសុទ្ធ និងបច្ចេកទេសដាំដុះត្រឹមត្រូវ។
- ការចងក្រងជាសហគមន៍កសិកម្ម: លើកទឹកចិត្តកសិករឱ្យចងក្រងជា សហគមន៍ ដើម្បីមានអំណាចក្នុងចរចារលក់ និងមានលទ្ធភាពទទួលបានការគាំទ្របច្ចេកទេស និងទីផ្សារកាន់តែល្អ។
៣. កាត់បន្ថយថ្លៃដើមផលិត:
- លើកទឹកចិត្តការវិនិយោគក្នុងស្រុក: ទាក់ទាញវិនិយោគិនឱ្យមកដាក់ទុនលើការផលិតពូជ ជី ថ្នាំកសិកម្ម។ល។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបញ្ចុះថ្លៃដើមផលិត។
- ផ្ដល់បច្ចេកទេសទំនើប: ផ្សព្វផ្សាយបច្ចេកទេសកសិកម្មទំនើប ដែលប្រើប្រាស់ធាតុចូលតិច តែទទួលបានទិន្នផលខ្ពស់។
៤. ពង្រឹងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ:
- សាងសង់ឃ្លាំងស្តុក និងឡសម្ងួត: វិនិយោគបន្ថែមលើឃ្លាំងស្តុក និងឡសម្ងួតនៅតាមបណ្តាខេត្តគោលដៅ ដើម្បីឱ្យកសិករមានលទ្ធភាពរក្សាទុកស្រូវបានយូរ និងលក់នៅពេលតម្លៃល្អប្រសើរ។
- ប្រព័ន្ធធារាសាស្ត្រ: ពង្រឹងប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងអាចធ្វើស្រែបានទិន្នផលខ្ពស់។

ជារួមមកវិញ ស្មេរយល់ថា បញ្ហាតម្លៃស្រូវនេះ មិនអាចដោះស្រាយបានដោយគ្រាន់តែចង្អុលមុខដាក់គ្នាឬក៏ទម្លាក់ការទទួលខុសត្រូវតែទៅលើភាគីណាមួយនោះឡើយ ពោល គឺទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។បញ្ហានេះទាមទារឱ្យមានការចូលរួមដោះស្រាយជាលក្ខណៈប្រព័ន្ធ និងយូរអង្វែង មិនមែនត្រឹមតែការអន្តរាគមន៍ រយៈពេលខ្លីនោះទេ។ មានតែការបង្កើនគុណភាពផលិតផល កាត់បន្ថយថ្លៃដើម និងពង្រឹងខ្សែសង្វាក់តម្លៃប៉ុណ្ណោះ ទើបអាចជួយសម្រួលនិងលើកទឹកចិត្តដល់កសិករខ្មែរ ពិសេសលើកកម្ពស់វិស័យស្រូវអង្ករកម្ពុជាឈានទៅសម្រេចបាននូវបេសកកម្មនាំអង្ករចេញ១លានតោន នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភានេះ៕
អត្ថបទ៖ត្រយង
