គណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការអំពីការរៀបចំកិច្ចប្រជុំកំពូលចំនួនបី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅកម្ពុជា។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំកំពូលនៃគណបក្សកាន់អំណាចមកពីប្រទេសទាំងបីក្នុងតំបន់ឥណ្ឌូចិន រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងគណបក្សប្រជាជនបដិវត្តន៍ឡាវ។

តាមរបៀបវារៈដែលបានគ្រោងទុក កិច្ចប្រជុំដំបូងគឺជាជំនួបកំពូលទ្វេភាគីរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយការិយាល័យនយោបាយនៃគណបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម តូល ឡឹម (Tô Lâm) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តវៀតណាម។ បន្ទាប់មក ក៏មានកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាមួយគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ឯកឧត្តម ថងលុន ស៊ីសុលីត (ທອງລຸນ ສີສຸລິດ) អគ្គលេខាធិការនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ។ ជាកិច្ចបញ្ចប់ គឺកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបី ដែលនឹងមានការចូលរួមពីសំណាក់ប្រធានបក្ស ឬអគ្គលេខាធិការបក្ស នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរដ្ឋសភារបស់ប្រទេសទាំងបីផងដែរ។

គោលបំណងចម្បងនៃកិច្ចប្រជុំកំពូលទាំងនេះ គឺដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្ដល់ការគាំទ្រគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំនៃបក្សទាំងបីនឹងពិភាក្សាលើការដោះស្រាយបញ្ហានានាក្នុងទំនាក់ទំនងឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដោយឈរលើស្មារតីគោរពគ្នា ដើម្បីពង្រឹងឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍសម្រាប់ផលប្រយោជន៍ជាតិ និងប្រជាជននៃប្រទេសទាំងបី។ លើសពីនេះ កិច្ចប្រជុំក៏នឹងរួមចំណែកដល់ការកសាង និងការការពារសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ។

គួររំលឹកផងដែរថា កិច្ចប្រជុំកំពូលទាំងនេះត្រូវបានរៀបចំឡើងស្របពេលនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូល ឡឹម (Tô Lâm) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី៦ ខែកុម្ភៈ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ថងលុន ស៊ីសុលីត (ທອງລຸນ ສີສຸລິດ) អគ្គលេខាធិការនៃគណបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការយាងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

Share.