វិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីកាន់តែកើនកម្តៅ ខណៈដែលក្រសួងរតនាគារអាមេរិកបានសម្រេចដាក់បញ្ចូល ប្រទេសថៃ ទៅក្នុង “បញ្ជីខ្មៅតាមដានរូបិយប័ណ្ណ” កាលពីចុងខែមករា ឆ្នាំ២០២៦។ ចំណាត់ការនេះធ្វើឡើងក្រោមការសង្ស័យលើការបង្ខូចតម្លៃលុយជាតិ ដើម្បីទាញយកផលចំណេញពីការនាំចេញទៅកាន់ទីផ្សារអាមេរិក។

យោងតាមការផ្សាយពីសារព័ត៌មានក្រៅស្រុកជាច្រើនដូចជា Japan Today, Free Malaysia Today និង Bangkok Post ជាដើម បានចេញផ្សាយនូវដំណឹងមួយ ដោយបានបង្ហាញថា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ក្រសួងរតនាគារអាមេរិក ប្រទេសនៅតំបន់អាស៊ីដែលកំពុងស្ថិតក្នុង “បញ្ជីខ្មៅ” នៃរបងពាណិជ្ជកម្មអាមេរិកមានរហូតដល់ ៨ ប្រទេស រួមមាន៖ ថៃ (ទើបបញ្ចូលថ្មី) , ចិន, ជប៉ុន, កូរ៉េខាងត្បូង, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី និងកោះតៃវ៉ាន់។
ហេតុអ្វីបានជាថៃក្លាយជាគោលដៅសង្ស័យ?
យោងតាមលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងរបស់អាមេរិក ប្រទេសថៃបាន “ដើរជាន់ខ្សែបន្ទាត់ក្រហម” ចំនួន ២ ក្នុងចំណោម ៣ ចំណុចសំខាន់ៗ៖
- អតិរេកពាណិជ្ជកម្មហួសកម្រិត៖ ថៃនាំចេញទៅអាមេរិកច្រើនជាងការនាំចូលលើសពីកម្រិតកំណត់ (១៥ ពាន់លានដុល្លារ)។
- សមតុល្យគណនីចរន្តខ្លាំង៖ មានអតិរេកគណនីចរន្តលើសពី ៣% នៃ GDP ដែលបង្ហាញពីលំហូរចូលនៃរូបិយប័ណ្ណបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។


ទោះបីជាយ៉ាងណាក៏ដោយ ថៃនៅមិនទាន់ជាប់លក្ខខណ្ឌទី ៣ ដែលហៅថាការលូកដៃទិញដុល្លារទុកដើម្បីបង្ខូចតម្លៃលុយបាត នៅឡើយទេ ដូច្នេះហើយទើបអាមេរិកមិនទាន់ឈានដល់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗ ប៉ុន្តែនេះវាគឺជាសញ្ញានៃការ “ព្រមានកម្រិតអាសន្ន”។
ការមានឈ្មោះស្ថិតក្នុងបញ្ជីខ្មៅតាមដាននេះ គឺជាសម្ពាធនយោបាយសេដ្ឋកិច្ចដែលតម្រូវឱ្យប្រទេសទាំង ៨ ខាងលើ បង្កើនតម្លាភាពក្នុងការគ្រប់គ្រងអត្រាប្តូរប្រាក់របស់ខ្លួន។ ប្រសិនបើអាមេរិកពិនិត្យឃើញថាពួកគេ មានការចេតនាបង្ខូចតម្លៃលុយឱ្យថោកដើម្បីជួយសហគ្រាសនាំចេញរបស់ខ្លួនមែននោះ ប្រទេសទាំងនោះអាចនឹងប្រឈមមុខនឹងការដាក់កំហិតពាណិជ្ជកម្ម ឬការដកហូតអាទិភាពពាណិជ្ជកម្មណាមួយពីសហរដ្ឋអាមេរិកជាមិនខាន។





សម្រាប់អ្នកវិភាគសេដ្ឋកិច្ចមើលឃើញថា ចំណាត់ការនេះអាចនឹងធ្វើឱ្យតម្លៃលុយបាត និងរូបិយប័ណ្ណក្នុងតំបន់អាស៊ីមានការប្រែប្រួលខ្លាំង ខណៈដែលធនាគារកណ្តាលនៃប្រទេសនីមួយៗ ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីចៀសវាងការដាក់ទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន៕

