ទឹកជន់លិចភាគខាងជើង បណ្ដាលឱ្យទំនប់ទឹកចៅប្រាយ៉ាមិនអាចទ្រាំទ្របាន ធ្លាយទឹក ២,៨០០ម៉ែត្រគូបក្នុងមួយវិនាទី ដែលវាអាចបង្កឱ្យជន់លិចទីក្រុងបាងកក ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation ។

ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ បណ្ដាលមកពីព្យុះត្រូពិកបានធ្វើទឹកទន្លេ និងទំនប់ស្ដុកទឹកសំខាន់ៗភាគខាងជើងរបស់ថៃ ជិតអស់សមត្ថភាពហើយ ដោយត្រូវបង្ខំឱ្យរំដោះទឹកចេញ ដោយត្រូវបង្កផលប៉ះពាល់ដល់តំបន់នៅតាមខ្សែទឹកខាងក្រោម ក្នុងនោះទីក្រុងបាងកក នឹងប្រឈមការជន់លិចធ្ងន់ធ្ងរក្នុងរយៈពេលដ៏ខ្លីខាងមុខនេះដែរ។

យ៉ាងណាមិនមែនរងគ្រោះតែទីក្រុងបាងកកទេ សូម្បីខេត្តភាគខាងជើងដូចជា៖ ខេត្ត Phrae, Nan, Chiang Rai, Sukhothai និង Lampang ក៏កើតមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ។

យោងតាមនាយកដ្ឋានធារាសាស្រ្តបានរាយការណ៍ថា ទំនប់សំខាន់ៗចំនួន៤ គឺ៖ ទំនប់ទឹក Bhumibol , Sirikit , Pa Sak Jolasid និងទំនប់ Khwae Noi ស្ដុកទឹកជិតដល់កម្រិតហូរហៀរហើយ ដោយបង្ខំឱ្យរំដោះទឹកកម្រិតខ្ពស់។




ពាក់ព័ន្ធនឹងទំនប់ចៅប្រាយ៉ានេះដែរ កាលពីថ្ងៃសៅរ៍ ខេត្តថៃចំនួន៧ ដូចជា៖ ខេត្ត Chainat, Singburi, Ang Thong, Suphanburi, Phra Nakhon Si Ayutthaya, Saraburi និង Pathum Thani បានប្រកាសអាសន្នទឹកជំនន់ឈានដល់ពណ៌ក្រហម ដែលជាកម្រិតធ្ងន់ធ្ងរបំផុតរួចទៅហើយ ដោយសារតែទំនប់ នឹងទម្លាយទឹកយ៉ាងគំហុក៕

