ជនបរទេសដែលដាក់ពាក្យសុំទិដ្ឋាការដើម្បីស្នាក់នៅក្នុងសហរដ្ឋអាមេរិក អាចនឹងប្រឈមនឹងការហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិកនឹងមិនផ្ដល់ទិដ្ឋាការដើម្បីស្នាក់ដល់អ្នកមានជំងឺប្រចាំកាយដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ នេះបើតាមសារព័ត៌មាន Bangkokbiznews បានចេញផ្សាយនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឯកសារបញ្ជាពីក្រសួងការបរទេសសហរដ្ឋអាមេរិកត្រូវបានផ្ញើទៅកាន់ស្ថានទូត និងស្ថានកុងស៊ុលនានាជុំវិញពិភពលោក អំពីការអនុវត្តបទបញ្ជាថ្មី KFF Health News ដែលបានចែងថា មន្ត្រីកុងស៊ុលមានអំណាចសម្រេចបដិសេធសំណើ សុំទិដ្ឋាការប្រសិនបើពួកគេរកឃើញថា ជនបរទេសដែលដាក់ពាក្យមានហានិភ័យបន្ទុកសាធារណៈ ពោលគឺមានជំងឺប្រចាំ ដូចជា ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ហើយក៏ដូចជាអ្នកដែលមានវ័យចំណាស់ ជាដើម។

បទបញ្ជានេះគឺជាផ្នែកមួយនៃគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការរឹតត្បិតជនអន្តោប្រវេសន៍ខុសច្បាប់ ដែលផ្តោតលើការបណ្ដេញជនអន្តោប្រវេសន៍ដែលស្នាក់នៅក្នុងសហរដ្ឋអាមេរិកដោយគ្មានឯកសារអនុញ្ញាត និងការរារាំងជនបរទេសផ្សេងមិនឱ្យធ្វើអន្តោប្រវេសន៍ចូលទឹកដីសហរដ្ឋអាមេរិក។ វិធានការទាំងនោះរួមមានចាប់ពី ការចាប់ខ្លួនជនបរទេសខុសច្បាប់ទ្រង់ទ្រាយធំប្រចាំថ្ងៃ ការហាមឃាត់ជនភៀសខ្លួនពីប្រទេសមួយចំនួន និងការកំណត់ចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានអនុញ្ញាតឱ្យចូលសហរដ្ឋអាមេរិកយ៉ាងតឹងរ៉ឹងបំផុត។

អ្នកជំនាញបានព្រមានថា គោលការណ៍ណែនាំថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ បានពង្រីកវិសាលភាពនៃការពិចារណាឱ្យកាន់តែឆ្ងាយជាងមុន ហើយថែមទាំងផ្ដល់អំណាចទៅឱ្យមន្ត្រីកុងស៊ុលក្នុងការកំណត់ជោគវាសនាជនបរទេសដែលបានដាក់ពាក្យនឹងទទួលបានសិទ្ធិចេញចូលសហរដ្ឋអាមេរិក ដោយយោងតាមសភាពជាក់ស្ដែងនៃបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះ។

យ៉ាងណាមិញ មកទល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នេះ បទបញ្ជាថ្មីមួយនេះមិនទាន់មានរបាយការណ៍ជាក់លាក់ណាមួយដែលបានចេញផ្សាយជាសាធារណៈអំពី ករណីដំបូង នៃការបដិសេធទិដ្ឋាការដោយផ្ទាល់ព្រោះតែបញ្ហាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺធាត់នៅឡើយទេ។ អ្នកជំនាញរំពឹងថា គោលការណ៍នេះនឹងត្រូវប្រើប្រាស់ជាចម្បងលើ អ្នកដែលស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ (Immigrant Visas) ឬ ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ (Green Card) ព្រោះវាទាក់ទងនឹងការរស់នៅពេញមួយជីវិត។ ចំពោះទិដ្ឋាការបណ្ដោះអាសន្ន (ទេសចរណ៍ B-1/B-2 ឬនិស្សិត F-1) ផលប៉ះពាល់អាចមានកម្រិតតិចជាងមុន ប៉ុន្តែមិនត្រូវបានលើកលែងទាំងស្រុងឡើយ៕

Share.