តើល្ខោនជាន់មីនផ្ទុះនៅតំបន់ភ្នំទ្រព្យ ដើម្បីជាលែសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងជាការយកលេស បង្វែ ស្ថានការណ៍ជិតដល់ថ្ងៃកំណត់ដោះលែងកងកម្លាំងទាហានកម្ពុជា ១៨ រូបនេះ ថៃអាចគេចផុតពីអ្នកសង្កេតការណ៍ និងអ្នកឃ្លាំមើលអន្តរជាតិបានដែរឬទេ? តើថៃ មិនយល់ ឬធ្វើពុតជាមិនយល់ពីអ្វីដែលជាច្បាប់អន្តរជាតិ? ទង្វើរបស់ថៃ ហាក់ដូចជាមិនទុកមុខឱ្យម៉ាឡេស៊ីទាល់តែសោះ ដែលដើរតួជាប្រធានអាស៊ាន និង សហរដ្ឋអាមេរិក ដែលមានលោកត្រាំ ចុះមកធ្វើសាក្សីដោយផ្ទាល់។

បើចាំមិនខុសទេ ក្នុងអំឡុងកិច្ចប្រជុំរដ្ឋសភាអំឡុងខែសីហា កន្លងទៅ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ធ្លាប់និយាយឱ្យដឹងថា ម៉ាឡេស៊ី បានប្រើផ្តាយរណបដើម្បីតាមដានបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយ​​ទន្ទឹមនោះ កម្ពុជា និងថៃ បានឯកភាពឱ្យអនុព័ន្ធយោធាម៉ាឡេស៊ី និងសមភាគីអាស៊ានផ្សេងទៀត តាម​ដាន​ពី​ចម្ងាយ​ថែមទៀតផងដែរ។

កន្លងមកនេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី បានអះអាងថា ម៉ាឡេស៊ីត្រូវបានប្រគល់សិទ្ធិក្នុងការជួយសម្របសម្រួលជម្លោះព្រំដេនរវាងកម្ពុជា និងថៃ រហូតដល់ជម្លោះត្រូវបានដោះស្រាយ និងមានរដ្ឋមន្ត្រី Chang LiKang ទទួលបន្ទុកលើការសម្របសម្រួលបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ លើការឃ្លាំមើលការងារនេះថែមទៀតផង។ ក្រៅពីនោះក៏មានអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៧ប្រទេស ចុះត្រួតពិនិត្យទីតាំងមួយចំនួន សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលត្រូវដាក់ទីស្នាក់ការនៅក្នុងទីរួមខេត្តព្រះវិហារផង។ ចង់ឬមិនចង់ ឆាកល្ខោនដែលភាគីថៃបានរៀបចំសម្ដែងលើកនេះ ច្បាស់ណាស់គឺគេចមិនផុតពីក្រញាំខ្សែភ្នែករបស់អន្តរជាតិនោះឡើយ ហើយការពិតនឹងលាតត្រដាងជាក់ជាមិនខាន។

ជាមួយគ្នានេះក្រសួងការពារជាតិកម្ពុជា ធ្លាប់បានបញ្ជាក់នៅដើមខែវិច្ឆិកានេះថា នៅក្នុងតំបន់អាទិភាពនៅព្រំដែនដែលបានកំណត់ ភាគីកម្ពុជា-ថៃត្រូវធ្វើការងារដោះមីនមនុស្សធម៌ដោយឯករាជ្យនិងដាច់ដោយឡែកពីគ្នា។ ​ក្រៅ​ពី​តំបន់អាទិភាពដែលបានកំណត់និងឯកភាព គឺមិនអនុញ្ញាតឱ្យធ្វើប្រតិបត្ដិការដោះមីនមនុស្សធម៌ជាឯកតោភាគី នៅតំបន់ព្រំដែនដែលមិនទាន់កំណត់ខណ្ឌសីមាច្បាស់លាស់ឡើយ។ ចុះហេតុអ្វីទាហានរបស់ថៃនៅតែបន្តដើរល្បាតដោះមីនក្រៅពី តំបន់ឯកភាពទៅវិញ។

ក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ចំៗថា ចំពោះគោលបំណងនៃការងារដោះមីនមនុស្សធម៌ គឺដើម្បីការពារអាយុជីវិតជនស៊ីវិល ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលខុសពីភាគីថៃនៅពេល​ដោះមីន​រួចនឹងវាតទីទឹកដីដោយប្រើគ្រឿងចក្រឈូឆាយដីកម្ពុជា រួចប្រគល់ប្លង់ទៅឱ្យពលរដ្ឋថៃកាន់ជាកម្មសិទ្ធលើទឹកដីពលរដ្ឋកម្ពុជារួចមកហើយចំនួន ៥ ហិតានៅភូមិព្រៃចាន់ ឃុំអូបីជាន់ ខេត្តបន្ទាយមានជ័យ៕

Share.