ឯឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសសាខា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានប្រគល់ផ្ទះជូនគ្រួសារឈ្មោះ នួន សុភី ដែលជាស្ត្រីមេម៉ាយក្រីក្រ អាយុ ៥២ឆ្នាំ មានអ្នករស់នៅក្នុងបន្ទុកចំនួន ៩ (ស្រីចំនួន ៤នាក់) ដែលផ្ទះរបស់គាត់ធ្លាប់ត្រូវបានរងគ្រោះដោយដើមឈើសង្កត់ រស់នៅនៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ផ្ទះថ្មី ១ខ្នងនេះ ដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៧ម៉ែត្រកម្ពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាប ផ្តល់ដីដោយចំណាយដោយ មូលនិធិ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សរុបថវិកាអស់ចំនួន ២,៦៦៨ដុល្លារសហរដ្ឋអាមេរិក។


ផ្ទះថ្មីនេះ ជាផ្ទះមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលមានលក្ខណៈសមរម្យរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត គិតមកដល់ពេលនេះសាខា បានអនុវត្តសង់ផ្ទះទី២៤ មកហេីយ ហើយការអនុវត្តគម្រោងសាងសង់ផ្ទះគ្រួសារងាយរងគ្រោះបំផុត គឺពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។


ឯកឧត្តម អ៊ុ រាត្រី បានថ្លែងថា៖ រាល់សម្ភារៈថវិកាទាំងអស់គឺបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានចូលរួមសាមគ្គីសហការគ្នាខិតខំប្រឹងប្រែងយ៉ាងសកម្មប្រកបដោយបេះដូងមនុស្សធម៌ នៅក្នុងរួមចំណែកជួយដល់ជនរងគ្រោះនិងងាយរងគ្រោះបំផុតប្រកបដោយបរិយាប័ន្ន។



គួរបញ្ជាក់ថាក្រៅពីប្រគល់ផ្ទះក៏មានអំណោយជូនម្ចាស់ផ្ទះ រួមមានអង្ករ ៥០គីឡូក្រាម ត្រីខ ១០កំប៉ុង មីជាតិមួយកេស ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរមុងមួយ ភួយមួយ សារុងមួយ ក្រមាមួយ ទឹកសុទ្ធចំនួនប្រាំយួរ ធុងទឹក ៦០លីត្រ ឆ្នាំង២ ចាន ៥ ស្លាបព្រាចំនួន ៥ កន្ទេលមួយ ថវិកាមួយចំនួន។ ដោយឡែកសម្រាប់លោកតា លោកយាយ ដែលបានចូលរួមចំនួន ២០នាក់ ក្នុងម្នាក់ៗទទួលបានក្រមាមួយប្រេងកូឡាមួយ និងថវិកាមួយចំនួន៕
អត្ថបទ៖ កាកបាទក្រហមកម្ពុជា

