អ៉ីស្លាម៉ាបាដ៖ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតឡើងនៅខាងក្រៅតុលាការក្នុងទីក្រុងអ៉ីស្លាម៉ាបាដ កាលពីថ្ងៃទី១១ ខែវិច្ឆិកា នេះ បានបណ្ដាលឱ្យរថយន្ដ និងម៉ូតូ ឆេះខ្លោចសល់តែគ្រោងឆ្អឹង ខណៈមនុស្សចំនួន ១២នាក់ បានស្លាប់ និង ២៧នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទីពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

នេះជាការបំផ្ទុះគ្រាប់បែកដ៏កម្រមួយដែលកើតឡើងនៅចំកណ្ដាលរដ្ឋធានីនៃប្រទេសប៉ាគីស្ថាន ដោយបង្កការបំផ្លិចបំផ្លាញ រួមទាំងបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។
បច្ចុប្បន្ន ប៉ូលីសកំពុងស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណអ្នកបំផ្ទុះគ្រាប់បែក ខណៈកងកម្លាំងប៉ារ៉ាយោធា បានឡោមព័ទ្ធតំបន់ខាងលើ ដោយគេសន្និដ្ឋានថា ជននេះបានបំផ្ទុះគ្រាប់បែកនៅជិតរថយន្ដប៉ូលីស។






ការវាយប្រហារនេះកើតឡើងចំពេលមានការកើនឡើងអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរប៉ាគីស្ថានបានស្តីបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធមកពីប្រទេសអាហ្វហ្គានីស្ថាន។
ការកើនឡើងនៃភាពតានតឹងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននាពេលថ្មីៗ ចាប់តាំងពីការប៉ះទង្គិចគ្នាតាមព្រំដែនដ៏សាហាវកាលពីខែតុលា ដែលបានបណ្តាលឱ្យមនុស្សជាង ៧០នាក់ស្លាប់រួមមានទាំងជនស៊ីវិលអាហ្វហ្គានីស្ថានប្រហែល ៥០នាក់ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

