កំពង់ចាម៖ ទីតាំងផលិត កែច្នៃឧបករណ៍សម្រាប់ឆក់ត្រីមួយកន្លែងត្រូវបានកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកជើងព្រៃ និងកម្លាំងអធិការដ្ឋាននគរបាលរដ្ឋបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះទៅបង្ក្រាបឃាត់ខ្លួនម្នាក់ ដកហូតសម្ភារៈមួយចំនួន កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជនដែលឃាត់ខ្លួនមានឈ្មោះ នាង រាំង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាងតម្លើង និងជួសជុលគ្រឿងអេឡិចត្រនិច រស់នៅភូមិង៉ូង ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមសមត្ថកិច្ចបានឱ្យដឹងថា ដោយមើលឃើញនូវសកម្មភាពបទល្មើសនេសាទត្រីដោយប្រើឧបករណ៍ឆក់ញឹកញាប់ពេក និងមើលឃើញតាមរយៈបណ្តាញសង្គម ឡាយលក់ តម្លើងឧបករណ៍ឆក់ត្រី ទើបកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកជើងព្រៃ កម្លាំងអធិការដ្ឋាននគរបាលរដ្ឋបាលស្រុកជើងព្រៃ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រាវជ្រាវចុះទៅបង្ក្រាបដល់ទីតាំងផលិត កែច្នៃ តម្លើងឧបករណ៍សម្រាប់ឆក់ត្រីតែម្តង នៅចំណុចខាងលើ ឃាត់ខ្លួនម្នាក់ ជាជាងអ្នកកៃច្នៃ ដកហូតសម្ភារៈបានមួយចំនួន។

ក្រោយឃាត់ខ្លួនបាន រួមជាមួយវត្ថុតាង នាំយកទៅសាកសួរនៅការិយាល័យជំនាញស្នងការខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.