សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ និងឯកឧត្តម វ៉ា ថន ប្រធានសាខាកាកបាទក្រហម ខេត្តក្រចេះ ចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារងាយរងគ្រោះចំនួន ៩១០គ្រួសារ នៅស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ។

ពិធីនេះប្រព្រឹត្តទៅចំនួន២ទីតាំង៖ ដោយទីតាំងទី១នៅភូមិអូរគ្រៀង មានចំនួន៤៥០គ្រួសារ និងទីតាំងទី២៖ ភូមិសំបូរ ៤៦០គ្រួសារ។

ក្នុងឱកាសនោះ តំណាងកាកបាទក្រហមកម្ពុជា បានបញ្ជូនព្រះរាជសវនីយ៍ និងសារជូនពរពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបារម្ភអំពីសុខភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជាចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការភាព និងគ្រួសារក្រផងដែរ។

ឯកឧត្តម យូ ឡាណា ក៏បានលើកឡើងពីសកម្មភាពសង្គមមនុស្សធម៌របស់កាកបាទក្រហម ដូចជា
ការផ្តល់ថវិកា ៥លានដុល្លារ ជូនមន្ទីរពេទ្យហ្លួងម៉ែ ថវិកា ១លានដុល្លារ/ឆ្នាំ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ធ្វើយ៉ាងណាចូលរួមចំណែកជួយថែទាំសុខភាពរបស់ប្រជាពលរដ្ឋមួយផ្នែកតាមរយៈមន្ទីពេទ្យ។
ក្នុងនោះឯកឧត្តម ក៏បានផ្ដាំផ្ញើប្រជាជនឱ្យថែទាំសុខភាព បរិភោគអាហារត្រឹមត្រូវ ជៀសវាងជំងឺមិនឆ្លងសំខាន់ៗ ៤ប្រភេទ ប្រារព្ធអនាម័យ ការពារជំងឺគ្រុនឈាម កុំដុតសំរាមព្រោះប៉ះពាល់សុខភាព និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង បារី និងបារីអេឡិចត្រូនិច។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏អំពាវនាវឱ្យស្ត្រីមានផ្ទៃពោះពិនិត្យសុខភាពទៀងទាត់ និងសម្រាលកូននៅមណ្ឌលសុខភាព ដើម្បីការពារជីវិតម្តាយកូន និងទប់ស្កាត់ជំងឺអេដស៍ពីម្តាយទៅកូន។ ប្រជាជនដែលទទួលអំណោយនីមួយៗបានផ្តល់អំណរគុណចំពោះការយកចិត្តទុកដាក់ និងជំនួយជាប្រចាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ អំណោយនីមួយៗរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត ១កញ្ចប់៕

Share.