បាត់ដំបង÷ តំណាងឲ្យកាកបាទក្រហមកម្ពុជាសាខាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលខេត្ត ចុះសួរសុខទុក្ខ ផ្តល់កម្លាំងចិត្តដល់យុវតីជាពលករដែលរងគ្រោះដោយអំពើរំលោភបំពានរាងកាយរបស់ទាហានឈុតខ្មៅថៃ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ក្នុងឱកាសចុះសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ជូនដល់ស្រ្តីពលករខ្មែររងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង និងបានថ្កោលទោសដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅបំផុតរបស់ក្រុមទាហានឈុតខ្មៅថៃ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។

ជាមួយគ្នា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថែមទាំងបានលើកទឹកចិត្តដល់ស្រី្តរងគ្រោះ និងក្រុមគ្រួសារឱ្យមានស្មារតីរឹងមាំឡើងវិញ។

លើសពីនេះក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ និងក្រុមគ្រូពេទ្យឲ្យបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះរហូតដល់ស្ថានភាពយុវតីរងគ្រោះបានល្អប្រសើរឡើងវិញ។ ចំពោះមុខនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ និងថ្កោលទោសអំពើដ៏ស្មោកគ្រោករបស់ក្រុមទាហានឈុតខ្មៅថៃដែលបានបង្កនេះផងដែរ៕

អត្ថបទ: ដំបងក្រញូង

Share.