សៀមរាប ៖ ដំណាំស្រូវជិត១មុឺនហិកតា ក្នុងស្រុកចំនួន៦ នៃខេត្តសៀមរាប ទទួលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នេះបើតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ។

ដោយគិតចាប់ពីថ្ងៃទី០៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងខេត្តសៀមរាបបានទទួលរងឥទ្ធិពលពីព្យុះចំនួន២ ដែលបានបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនរាយប៉ាយទូទាំងខេត្ត បណ្ដាលឱ្យលិចដំណាំស្រូវ និងដំណាំដំឡូងមី ក្នុងស្រុកចំនួន៦ ស្មើនឹង ១២៤ភូមិ និងគ្រួសាររងគ្រោះចំនួន៧០២៩គ្រួសារ ។
ដំណាំស្រូវវស្សា មានផ្ទៃដីរងផលប៉ះពាល់សរុបចំនួន ៩ ៩៧៦ហិកតា ក្នុងស្រុកចំនួន៦ រួមមាន ៖ ស្រុកអង្គរជុំ ប៉ះពាល់ចំនួន ១៤៨ហិកតា, ស្រុកវ៉ារិន ៦ ៨០៤ហិកតា, ស្រុកស្វាយលើ ៣៤០ហិកតា, ស្រុកជីក្រែង ២ ៦៨៤ហិកតា, ស្រុកស្រីស្នំ ៨៤០ហិកតា និងស្រុកក្រឡាញ់ ផ្ទៃដីប៉ះពាល់ចំនួន ៥០ហិកតា ខណៈដំណាំស្រូវប្រាំង ផ្ទៃដីប៉ះពាល់សរុបចំនួន ១ ៤១០ហិកតា ។



ជាមួយគ្នានោះ ក្រៅពីដំណាំស្រូវ ដំណាំដំឡូងមី ក៏បានទទួលនូវផលប៉ះពាល់លើផ្ទៃដីសរុបចំនួន ១០ ៣០២ហិកតា ក្នុងស្រុកចំនួន២ ស្មើនឹង ៤៥ភូមិ និងគ្រួសាររងគ្រោះចំនួន ៥ ២២៩ គ្រួសារ ដោយក្នុងនោះ ស្រុកវ៉ារិន ផ្ទៃដីចំនួន ១០ ១៨១ហិកតា និង ស្រុកជីក្រែង ផ្ទៃដីចំនួន ១២១ហិកតា ។

